6. កាលព្រះយេស៊ូវឃើញគាត់ដេកនៅ ហើយបានជ្រាបថា គាត់នៅយ៉ាងនោះជាយូរមកហើយ នោះទ្រង់មានព្រះបន្ទូលថា តើអ្នកចង់បានជាឬទេ
7. អ្នកជំងឺនោះទូលឆ្លើយថា លោកម្ចាស់អើយ ខ្ញុំគ្មានអ្នកណានឹងដាក់ខ្ញុំទៅក្នុងស្រះ ក្នុងកាលដែលទឹកបានកំរើកឡើងនោះទេ ហើយកំពុងដែលខ្ញុំចុះទៅ នោះក៏មានម្នាក់ទៀតចុះទៅមុនខ្ញុំ
8. ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ចូរក្រោកឡើង យកគ្រែអ្នកដើរទៅ
9. ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ ឯថ្ងៃនោះ ជាថ្ងៃឈប់សំរាក
10. ដូច្នេះ ពួកសាសន៍យូដា គេស្តីឲ្យអ្នកដែលបានជាថា ថ្ងៃនេះជាថ្ងៃឈប់សំរាក អ្នកគ្មានច្បាប់នឹងលីគ្រែទៅទេ
11. គាត់ឆ្លើយទៅគេថា លោកដែលធ្វើឲ្យខ្ញុំជា លោកបង្គាប់ថា ចូរយកគ្រែឯងដើរទៅ
12. នោះគេសួរគាត់ថា តើអ្នកណាបានប្រាប់ឲ្យអ្នកយកគ្រែដើរទៅដូច្នេះ
13. តែអ្នកដែលបានជាមិនស្គាល់ជាអ្នកណាទេ ពីព្រោះព្រះយេស៊ូវទ្រង់យាងទៅបាត់ហើយ ក៏មានមនុស្សសន្ធឹកនៅទីនោះដែរ
14. ក្រោយនោះមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅថា មើល ឥឡូវអ្នកបានជាហើយ កុំឲ្យធ្វើបាបទៀត ក្រែងអ្នកកើតមានសេចក្តីអាក្រក់ជាងនេះទៅទៀត
15. មនុស្សនោះក៏ចេញទៅប្រាប់ដល់ពួកសាសន៍យូដា ឲ្យដឹងថាជាព្រះយេស៊ូវ ដែលប្រោសឲ្យខ្លួនបានជា
16. ហេតុនោះបានជាពួកសាសន៍យូដា គេបៀតបៀនដល់ព្រះយេស៊ូវ ហើយរកសំឡាប់ទ្រង់ ដោយព្រោះទ្រង់ធ្វើការនោះ នៅថ្ងៃឈប់សំរាក
17. ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ
18. ដោយហេតុពាក្យនោះ បានជាពួកសាសន៍យូដា គេរកសំឡាប់ទ្រង់រឹតតែខ្លាំងឡើង ពីព្រោះទ្រង់មិនមែនគ្រាន់តែរំលងច្បាប់នៃថ្ងៃឈប់សំរាកតែប៉ុណ្ណោះ គឺបានទាំងហៅព្រះ ថាជាព្រះវរបិតានៃទ្រង់ថែមទៀត ហើយលើកអង្គទ្រង់ស្មើនឹងព្រះផង។
19. ដូច្នេះ ព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ