24. ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយមិនដែលត្រូវជំនុំជំរះឡើយ គឺបានកន្លងហួសពីសេចក្តីស្លាប់ ទៅដល់ជីវិតវិញ
25. ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងមានពេលវេលាមក ក៏មកដល់ហើយ ដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រានៃព្រះ ហើយអស់អ្នកណាដែលឮនឹងបានរស់វិញ
26. ពីព្រោះដែលព្រះវរបិតាមានជីវិតក្នុងព្រះអង្គទ្រង់យ៉ាងណា នោះទ្រង់ក៏បានប្រទានឲ្យព្រះរាជបុត្រាមានជីវិត ក្នុងព្រះអង្គទ្រង់យ៉ាងនោះដែរ
27. ហើយបានប្រទានអំណាចមកទ្រង់ ឲ្យជំនុំជំរះផង ពីព្រោះទ្រង់ជាកូនមនុស្ស
28. កុំឲ្យឆ្ងល់ពីសេចក្តីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងទ្រង់ ហើយនឹងចេញមក
29. គឺពួកអ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ឯពួកអ្នកដែលបានប្រព្រឹត្តអាក្រក់វិញ គេនឹងរស់ឡើង ឲ្យជាប់មានទោស។
30. ខ្ញុំពុំអាចនឹងធ្វើការអ្វី ដោយខ្លួនខ្ញុំបានទេ ខ្ញុំជំនុំជំរះតាមដែលខ្ញុំឮ ហើយសេចក្តីជំនុំជំរះរបស់ខ្ញុំក៏សុចរិត ពីព្រោះខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក។
31. បើសិនជាខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ នោះសេចក្តីបន្ទាល់របស់ខ្ញុំមិនពិតទេ
32. មានម្នាក់ទៀតដែលធ្វើបន្ទាល់ពីខ្ញុំ ហើយខ្ញុំដឹងថា សេចក្តីបន្ទាល់ ដែលអ្នកនោះធ្វើពីខ្ញុំក៏ពិតប្រាកដមែន
33. អ្នករាល់គ្នាបានចាត់គេ ឲ្យទៅឯលោកយ៉ូហាន លោកក៏ធ្វើបន្ទាល់តាមសេចក្តីពិត