28. ឯស្ត្រីនោះ នាងទុកក្អមចោល ក៏ចូលក្នុងក្រុងដំណាលប្រាប់គេថា
29. ចូរមកមើល មានមនុស្សម្នាក់ ដែលប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី
30. គេក៏ចេញពីទីក្រុងទៅឯទ្រង់។
31. ក្នុងរវាងនោះ ពួកសិស្សទូលទ្រង់ថា លោកគ្រូ អញ្ជើញពិសា
32. តែទ្រង់មានព្រះបន្ទូលថា ខ្ញុំមានអាហារសំរាប់ទទួលទានហើយ គឺជាអាហារដែលអ្នករាល់គ្នាមិនស្គាល់
33. ដូច្នេះ ពួកសិស្សសួរគ្នាទៅវិញទៅមកថា មានអ្នកណាយកអ្វីមកជូនលោកពិសាដែរឬអី
34. នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ឯអាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង
35. តើអ្នករាល់គ្នាមិនថា នៅ៤ខែទៀត ទើបដល់រដូវចំរូតទេឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរងើបឡើងមើលទៅស្រែមើល ដ្បិតបានក្រហមល្មមច្រូតហើយ
36. អ្នកណាដែលច្រូត នោះបានរង្វាន់ ក៏ប្រមូលផលសំរាប់ជីវិតដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអ្នកដែលព្រោះ និងអ្នកដែលច្រូត បានអរសប្បាយផងគ្នា
37. ដ្បិតចំពោះដំណើរនេះ នោះពាក្យទំនៀមនេះត្រូវណាស់ថា ម្នាក់ព្រោះ ម្នាក់ទៀតច្រូត
38. ខ្ញុំបានចាត់អ្នករាល់គ្នាទៅច្រូតចំរូត ដែលមិនបាននឿយនឹងធ្វើសោះ មានអ្នកឯទៀតបាននឿយហត់ ហើយអ្នករាល់គ្នាបានចូលទៅក្នុងការរបស់គេ។
39. នៅក្រុងនោះ ក៏មានសាសន៍សាម៉ារីជាច្រើន បានជឿដល់ទ្រង់ ដោយព្រោះពាក្យដែលស្ត្រីនោះធ្វើបន្ទាល់ថា លោកប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត
40. ដូច្នេះ កាលពួកសាសន៍សាម៉ារីបានមកដល់ទ្រង់ហើយ នោះគេសូមទ្រង់ ឲ្យនៅជាមួយនឹងគេ ទ្រង់ក៏គង់នៅទីនោះអស់២ថ្ងៃ
41. ហើយមានមនុស្សជាច្រើនទៀតបានជឿ ដោយសារព្រះបន្ទូលទ្រង់
42. រួចគេនិយាយទៅស្ត្រីនោះថា ឥឡូវនេះ យើងជឿ មិនមែនដោយព្រោះពាក្យសំដីរបស់អ្នកទៀតទេ គឺជឿដោយព្រោះបានឮទ្រង់ផ្ទាល់ខ្លួនយើងវិញ ហើយយើងដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះដ៏ជួយសង្គ្រោះមនុស្សលោកពិតប្រាកដមែន។
43. កន្លង២ថ្ងៃនោះមក ព្រះយេស៊ូវក៏ចេញពីទីនោះ ទៅឯស្រុកកាលីឡេវិញ
44. ដ្បិតទ្រង់ធ្វើបន្ទាល់ដោយព្រះអង្គទ្រង់ថា គេមិនរាប់អានហោរា នៅក្នុងស្រុករបស់ខ្លួនទេ