26. ព្រះយេស៊ូវមានព្រះបន្ទូលថា នោះគឺខ្ញុំនេះហើយ ដែលនិយាយនឹងនាង។
27. ខណៈនោះ ពួកសិស្សទ្រង់មកដល់ ក៏នឹកប្លែកពីទ្រង់មានព្រះបន្ទូលនឹងស្ត្រីនោះ ប៉ុន្តែគ្មានអ្នកណាទូលសួរថា ទ្រង់សួររកអ្វី ឬថា ទ្រង់មានព្រះបន្ទូលនឹងស្ត្រីនេះធ្វើអីនោះទេ
28. ឯស្ត្រីនោះ នាងទុកក្អមចោល ក៏ចូលក្នុងក្រុងដំណាលប្រាប់គេថា
29. ចូរមកមើល មានមនុស្សម្នាក់ ដែលប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី
30. គេក៏ចេញពីទីក្រុងទៅឯទ្រង់។
31. ក្នុងរវាងនោះ ពួកសិស្សទូលទ្រង់ថា លោកគ្រូ អញ្ជើញពិសា
32. តែទ្រង់មានព្រះបន្ទូលថា ខ្ញុំមានអាហារសំរាប់ទទួលទានហើយ គឺជាអាហារដែលអ្នករាល់គ្នាមិនស្គាល់
33. ដូច្នេះ ពួកសិស្សសួរគ្នាទៅវិញទៅមកថា មានអ្នកណាយកអ្វីមកជូនលោកពិសាដែរឬអី
34. នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ឯអាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង
35. តើអ្នករាល់គ្នាមិនថា នៅ៤ខែទៀត ទើបដល់រដូវចំរូតទេឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរងើបឡើងមើលទៅស្រែមើល ដ្បិតបានក្រហមល្មមច្រូតហើយ
36. អ្នកណាដែលច្រូត នោះបានរង្វាន់ ក៏ប្រមូលផលសំរាប់ជីវិតដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអ្នកដែលព្រោះ និងអ្នកដែលច្រូត បានអរសប្បាយផងគ្នា
37. ដ្បិតចំពោះដំណើរនេះ នោះពាក្យទំនៀមនេះត្រូវណាស់ថា ម្នាក់ព្រោះ ម្នាក់ទៀតច្រូត
38. ខ្ញុំបានចាត់អ្នករាល់គ្នាទៅច្រូតចំរូត ដែលមិនបាននឿយនឹងធ្វើសោះ មានអ្នកឯទៀតបាននឿយហត់ ហើយអ្នករាល់គ្នាបានចូលទៅក្នុងការរបស់គេ។
39. នៅក្រុងនោះ ក៏មានសាសន៍សាម៉ារីជាច្រើន បានជឿដល់ទ្រង់ ដោយព្រោះពាក្យដែលស្ត្រីនោះធ្វើបន្ទាល់ថា លោកប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត