14. តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច
15. ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យទឹកនោះមកខ្ញុំផង ដើម្បីកុំឲ្យខ្ញុំស្រេក ឬមកដងនៅទីនេះទៀត
16. ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរទៅហៅប្ដីនាងមកឯណេះ
17. ស្ត្រីនោះទូលឆ្លើយថា ខ្ញុំគ្មានប្ដីទេ រួចព្រះយេស៊ូវមានព្រះបន្ទូលថា ដែលនាងថា គ្មានប្ដី នោះថាត្រូវហើយ
18. ដ្បិតនាងបានមានប្ដី៥មកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃនេះ មិនមែនជាប្ដីនាងទេ ពាក្យនោះនាងនិយាយត្រូវប្រាកដ
19. ស្ត្រីនោះទូលទ្រង់ថា លោកម្ចាស់អើយ ខ្ញុំយល់ឃើញថា លោកជាហោរា
20. ឯពួកឰយុកោយើងខ្ញុំ បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា ក្រុងយេរូសាឡិមជាកន្លែងដែលត្រូវថ្វាយបង្គំវិញ
21. ព្រះយេស៊ូវមានព្រះបន្ទូលថា នាងស្រីអើយ ចូរជឿខ្ញុំថា នឹងមានពេលវេលាមក ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតា នៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទេ
22. អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្តីសង្គ្រោះកើតមកពីសាសន៍យូដា
23. តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់
24. ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ និងសេចក្តីពិតដែរ
25. ស្ត្រីនោះទូលទ្រង់ថា ខ្ញុំដឹងហើយថា ព្រះមែស្ស៊ី ដែលហៅជាព្រះគ្រីស្ទ ទ្រង់នឹងយាងមក កាលណាមកហើយ នោះទ្រង់នឹងប្រាប់ឲ្យយើងខ្ញុំដឹងគ្រប់ទាំងអស់