យ៉ូហាន 3:18-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​មិន​ជាប់​មាន​ទោស​ទេ តែ​អ្នក​ណា​ដែល​មិន​ជឿ​វិញ នោះ​ត្រូវ​មាន​ទោស​ហើយ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌រាជ‌បុត្រា​តែ​១​របស់​ព្រះ

19. ហើយ​ទោស​នេះ គឺ​ថា ពន្លឺ​បាន​មក​ក្នុង​លោកីយ៍ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្តី​ងងឹត​ជា​ជាង​ពន្លឺ ពី​ព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​អាក្រក់

20. ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​តែង​ស្អប់​ដល់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន បាន​បើក​ឲ្យ​ឃើញ

21. តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​វិញ នោះ​តែង​មក​ឯ​ពន្លឺ ដើម្បី​ឲ្យ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត បាន​សំដែង​មក​ឲ្យ​ដឹង​ថា បាន​ធ្វើ​ដោយ​នូវ​ព្រះ។

22. ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​ទ្រង់​ក៏​មក​ក្នុង​ស្រុក​យូដា ទ្រង់​គង់​នៅ​ទី​នោះ​ជា​មួយ​នឹង​គេ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ផង

23. ឯ​យ៉ូហាន គាត់​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក នៅ​ស្រុក​អេណូន ជិត​ភូមិ​សាលិម ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន ហើយ​ចេះ​តែ​មាន​គេ​មក ដើម្បី​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ផង

24. ដ្បិត​យ៉ូហាន​មិន​ទាន់​ជាប់​គុក​នៅ​ឡើយ

25. វេលា​នោះ ពួក​សិស្ស​យ៉ូហាន និង​សាសន៍​យូដា​ម្នាក់ កើត​ជជែក​គ្នា ពី​ដំណើរ​លាង​សំអាត

26. រួច​គេ​មក​ឯ​យ៉ូហាន​ជំរាប​ថា លោក​គ្រូ លោក​នោះ​ដែល​នៅ​ជា​មួយ​នឹង​លោក ខាង​នាយ​ទន្លេ​យ័រដាន់ ដែល​លោក​បាន​ធ្វើ​បន្ទាល់​ឲ្យ មើល លោក​ក៏​ធ្វើ​បុណ្យ​ជ្រមុជ​ដែរ ហើយ​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន គេ​ទៅ​ឯ​លោក​វិញ

យ៉ូហាន 3