9. កាលបានឡើងទៅលើគោកវិញ នោះគេឃើញរងើកភ្លើង ហើយមានត្រីអាំងនៅពីលើ និងនំបុ័ងដែរ
10. ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ចូរយកត្រីខ្លះ ដែលទើបនឹងចាប់នោះមក
11. ស៊ីម៉ូន-ពេត្រុសក៏ឡើងមកទាំងទាញអួន ដាក់លើគោក បានពេញដោយត្រីធំៗ១៥៣ ហើយទោះបើមានត្រីច្រើនដល់ម៉្លេះ គង់តែអួនមិនបានធ្លាយដែរ
12. ព្រះយេស៊ូវទ្រង់ហៅគេមកថា ចូរមកពិសាសិន ប៉ុន្តែគ្មានសិស្សណាមួយហ៊ានទូលសួរទ្រង់ថា តើអ្នកណានុ៎ះ ដោយគេដឹងថាជាព្រះអម្ចាស់ហើយ
13. ព្រះយេស៊ូវក៏យាងមក យកនំបុ័ង និងត្រី ប្រទានដល់គេ
14. នោះជាគំរប់៣ដងហើយ ដែលព្រះយេស៊ូវសំដែងមក ឲ្យពួកសិស្សឃើញ ក្នុងពេលក្រោយដែលមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។
15. កាលគេបានបរិភោគរួចហើយ នោះព្រះយេស៊ូវមានព្រះបន្ទូលនឹងស៊ីម៉ូន-ពេត្រុសថា ស៊ីម៉ូនកូនយ៉ូណាសអើយ តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថាទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានព្រះបន្ទូលថា ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង
16. រួចទ្រង់មានព្រះបន្ទូលទៅគាត់ម្តងទៀតថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើស្រឡាញ់ខ្ញុំឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានព្រះបន្ទូលទៅគាត់ថា ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ