16. ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ម៉ារាអើយ នោះនាងបែរខ្លួនទៅទូលទ្រង់ ជាភាសាហេព្រើរថា រ៉ាបូនី ដែលស្រាយថា លោកគ្រូអើយ
17. ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយ ចូរនាងទៅឯពួកបងប្អូនខ្ញុំប្រាប់គេថា ខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំ ជាព្រះវរបិតានៃអ្នករាល់គ្នា គឺជាព្រះនៃខ្ញុំ ហើយជាព្រះនៃអ្នករាល់គ្នាដែរ
18. នោះម៉ារា-ម៉ាក់ដាឡា ក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ហើយទ្រង់បានមានព្រះបន្ទូលសេចក្តីទាំងនេះមកនាង។
19. នៅថ្ងៃដំបូងក្នុងអាទិត្យនោះឯង លុះព្រលប់ហើយ កាលទ្វារទាំងអស់ នៅកន្លែងដែលពួកសិស្សប្រជុំគ្នា បានបិទ ដោយព្រោះខ្លាចសាសន៍យូដា នោះព្រះយេស៊ូវទ្រង់យាងមកឈរនៅកណ្តាលពួកសិស្ស មានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះ
20. កាលទ្រង់មានព្រះបន្ទូលដូច្នោះហើយ នោះក៏បង្ហាញព្រះហស្ត និងចំហៀងទ្រង់ឲ្យគេមើល ដូច្នេះ ពួកសិស្សមានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់
21. រួចព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយសេចក្តីសុខសាន្ត ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ
22. ទ្រង់មានព្រះបន្ទូលដូច្នោះ រួចក៏ផ្លុំលើគេទាំងមានព្រះបន្ទូលថា ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ
23. បើអ្នករាល់គ្នានឹងអត់ទោសបាបដល់អ្នកណា នោះបាបគេនឹងបានអត់ទោសឲ្យ តែបើអ្នករាល់គ្នានឹងប្រកាន់ទោសបាបចំពោះអ្នកណា នោះបាបគេនឹងត្រូវប្រកាន់ជាប់វិញ។
24. រីឯថូម៉ាស ជាម្នាក់ក្នុងពួក១២ ដែលគេហៅថា ឌីឌីម គាត់មិននៅជាមួយ ក្នុងកាលដែលព្រះយេស៊ូវយាងមកនោះទេ
25. ដូច្នេះ ពួកសិស្សឯទៀតប្រាប់គាត់ថា យើងបានឃើញព្រះអម្ចាស់ តែគាត់ឆ្លើយថា បើខ្ញុំមិនឃើញស្នាមដែកគោល នៅព្រះហស្តទ្រង់ ទាំងលូកម្រាមទៅក្នុងស្នាមដែកគោលនោះ ហើយលូកដៃខ្ញុំទៅក្នុងចំហៀងទ្រង់ នោះខ្ញុំមិនព្រមជឿទេ
26. ដល់៨ថ្ងៃក្រោយមក ពួកសិស្សទ្រង់នៅក្នុងផ្ទះម្តងទៀត ហើយថូម៉ាសក៏នៅជាមួយដែរ នោះព្រះយេស៊ូវទ្រង់យាងមក ឈរកណ្តាលពួកគេ ទាំងទ្វារនៅបិទ ហើយមានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត
27. រួចទ្រង់មានព្រះបន្ទូលទៅថូម៉ាសថា ចូរលូកម្រាមដៃអ្នកមក ស្ទាបមើលដៃខ្ញុំឯណេះ ហើយលូកដៃមកក្នុងចំហៀងខ្ញុំផង កុំឲ្យមានចិត្តមិនជឿឡើយ ត្រូវឲ្យជឿចុះ
28. នោះថូម៉ាសទូលឆ្លើយថា ឱព្រះអម្ចាស់ទូលបង្គំ ឱព្រះនៃទូលបង្គំអើយ
29. ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ។