1. នៅថ្ងៃទី១ក្នុងអាទិត្យនោះ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងទៅឯផ្នូរពីព្រលឹម កាលកំពុងនៅងងឹតនៅឡើយ ក៏ឃើញថ្មបានយកចេញពីមាត់ផ្នូរហើយ
2. នោះនាងរត់ទៅប្រាប់ដល់ស៊ីម៉ូន-ពេត្រុស និងសិស្ស១នោះដែលទ្រង់ស្រឡាញ់ថា គេបានយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងខ្ញុំមិនដឹងជាគេយកទៅទុកឯណាទេ
3. នោះពេត្រុស និងសិស្ស១នោះ ក៏ចេញទៅឯផ្នូរ
4. អ្នកទាំង២រត់ទៅជាមួយគ្នា តែសិស្ស១នោះរត់លឿនជាងពេត្រុស បានដល់ផ្នូរមុន
5. រួចគាត់ឱនខ្លួនទៅមើល ឃើញមានតែសំពត់ស្នបនៅក្នុងនោះ តែគាត់មិនបានចូលទេ
6. ឯស៊ីម៉ូន-ពេត្រុស ដែលមកតាមក្រោយ គាត់ក៏ចូលទៅក្នុងផ្នូរ ឃើញសំពត់ស្នបនៅក្នុងនោះដែរ
7. ហើយឃើញកន្សែងដែលគ្របព្រះសិរទ្រង់ មិននៅជាមួយនឹងសំពត់ស្នបនោះទេ គឺបានបត់ដាក់នៅទីកន្លែងដោយខ្លួនវិញ
8. សិស្សមួយនោះដែលមកដល់ផ្នូរមុន គាត់ក៏ចូលទៅឃើញដូច្នោះដែរ រួចគាត់ជឿ
9. ដ្បិតគេមិនទាន់យល់បទគម្ពីរនៅឡើយ ដែលថា ទ្រង់ត្រូវរស់ពីស្លាប់ឡើងវិញ
10. សិស្សទាំង២ក៏ត្រឡប់ទៅឯផ្ទះគេវិញ។
11. ឯម៉ារា នាងឈរយំពីខាងក្រៅផ្នូរ ហើយកំពុងដែលនាងយំ នោះក៏ឱនខ្លួនមើលទៅក្នុងផ្នូរ
12. ឃើញទេវតា២រូប ស្លៀកពាក់ស អង្គុយ១ខាងក្បាល ១ចុងជើង ត្រង់កន្លែងដែលបានផ្តេកព្រះសពព្រះយេស៊ូវ
13. ទេវតានោះសួរថា នាងអើយ ហេតុអ្វីបានជាយំ នាងឆ្លើយថា ពីព្រោះគេបានយកព្រះអម្ចាស់ខ្ញុំទៅបាត់ ហើយខ្ញុំមិនដឹងជាគេទុកទ្រង់នៅឯណាទេ