22. លោកពីឡាត់ឆ្លើយថា ឯសេចក្តីដែលខ្ញុំសរសេរ នោះបានសរសេរស្រេចទៅហើយ
23. ឯពួកទាហាន កាលបានឆ្កាងព្រះយេស៊ូវរួចហើយ នោះគេយកព្រះពស្ត្រទ្រង់ចែកជា៤ចំណែក ឲ្យម្នាក់ៗបាន១ចំណែក ក៏យកអាវវែងទ្រង់ដែរ តែអាវនោះបានត្បាញពីលើជាសំពត់តែ១ គ្មានថ្នេរសោះ
24. ដូច្នេះ គេនិយាយគ្នាថា កុំហែកអាវនេះឡើយ ចូរយើងចាប់ឆ្នោតវិញ ឲ្យបានដឹងជាអាវនេះនឹងទៅជារបស់អ្នកណា នោះដើម្បីឲ្យបានសំរេចបទគម្ពីរដែលថា «គេបានយកសំលៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេយកដោយចាប់ជាឆ្នោត» ពួកទាហានក៏ធ្វើដូច្នោះ។
25. ឯមាតាព្រះយេស៊ូវ ប្អូនស្រីមាតាទ្រង់ ម៉ារា ជាប្រពន្ធក្លូប៉ាស និងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា គេឈរនៅជិតឈើឆ្កាងទ្រង់
26. ព្រះយេស៊ូវក៏ឃើញមាតាទ្រង់ និងសិស្សម្នាក់ដែលទ្រង់ស្រឡាញ់ កំពុងឈរនៅទីនោះ រួចទ្រង់មានព្រះបន្ទូលទៅមាតាថា មាតាអើយ នុ៎ះន៏ កូនរបស់មាតា
27. រួចទ្រង់មានព្រះបន្ទូលទៅសិស្សនោះថា នុ៎ះន៏ ម្តាយអ្នក តាំងពីនោះមក សិស្សនោះក៏នាំយកគាត់ទៅនៅផ្ទះខ្លួន។
28. ក្រោយនោះព្រះយេស៊ូវទ្រង់ជ្រាបថា ការទាំងអស់បានសំរេចហើយ តែដើម្បីឲ្យបានសំរេចតាមបទគម្ពីរ នោះទ្រង់មានព្រះបន្ទូលថា ខ្ញុំស្រេកទឹកណាស់
29. រីឯនៅទីនោះ មានក្រឡដាក់ទឹកខ្មេះពេញ គេក៏យកសារាយរំហួតជ្រលក់ទឹកខ្មេះជោក រួចចងភ្ជាប់នឹងមែកហ៊ីសុប ហុចទៅដល់ព្រះឱស្ឋទ្រង់
30. កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយ ក៏មានព្រះបន្ទូលថា ការស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ។
31. ពួកសាសន៍យូដាក៏សូមលោកពីឡាត់ ឲ្យបានបំបាក់ជើងពួកជាប់ឆ្កាង ហើយយកចេញទៅ ដើម្បីកុំឲ្យខ្មោចនៅជាប់លើឈើឆ្កាង ក្នុងថ្ងៃឈប់សំរាក ពីព្រោះជាថ្ងៃរៀបចំហើយ ឯថ្ងៃឈប់សំរាកនោះ គឺជាថ្ងៃបុណ្យធំ
32. ដូច្នេះ ពួកទាហានក៏មកបំបាក់ជើងអ្នក១ រួចអ្នក១ទៀតដែលជាប់ឆ្កាងជាមួយនឹងទ្រង់
33. តែកាលគេមកដល់ព្រះយេស៊ូវ ក៏ឃើញថា ទ្រង់សុគតផុតហើយ បានជាគេមិនបំបាក់ព្រះបាទទ្រង់ទេ
34. ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចំហៀងទ្រង់ នោះក៏ចេញឈាម ហើយនឹងទឹកមក
35. អ្នកដែលឃើញបានធ្វើបន្ទាល់ ហើយសេចក្តីបន្ទាល់របស់អ្នកនោះក៏ពិតប្រាកដ អ្នកនោះដឹងថា ខ្លួននិយាយត្រូវ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ
36. ដ្បិតការទាំងនោះបានកើតមក ដើម្បីឲ្យបទគម្ពីរបានសំរេច ដែលថា «គ្មានឆ្អឹងទ្រង់ណាមួយត្រូវបាក់សោះ»
37. ក៏មានបទ១ទៀតថា «គេនឹងមើលព្រះអង្គដែលគេបានចាក់»។