17. ព្រះយេស៊ូវ ទ្រង់យាងចេញទៅ ទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថា ភ្នំលលាដ៏ក្បាល ដែលភាសាហេព្រើរហៅថា គាល់កូថា
18. គេក៏ឆ្កាងទ្រង់នៅទីនោះ ព្រមទាំង២នាក់ទៀតជាមួយនឹងទ្រង់ដែរ ម្នាក់ម្ខាងៗ ហើយព្រះយេស៊ូវនៅជាកណ្តាល
19. លោកពីឡាត់ធ្វើប្រកាស១បិទនៅលើឈើឆ្កាង មានសេចក្តីថា «នេះឈ្មោះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ស្តេចនៃសាសន៍យូដា»
20. មានសាសន៍យូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុង ហើយប្រកាសនោះ គេបានសរសេរជាភាសាហេព្រើរ ក្រេក និងឡាតាំង
21. ដូច្នេះ ពួកសង្គ្រាជរបស់សាសន៍យូដា គេជំរាបលោកពីឡាត់ថា សូមលោកកុំសរសេរថា នេះជាស្តេចនៃសាសន៍យូដាឡើយ សូមសរសេរតាមវានិយាយវិញថា ខ្ញុំជាស្តេចនៃសាសន៍យូដា
22. លោកពីឡាត់ឆ្លើយថា ឯសេចក្តីដែលខ្ញុំសរសេរ នោះបានសរសេរស្រេចទៅហើយ
23. ឯពួកទាហាន កាលបានឆ្កាងព្រះយេស៊ូវរួចហើយ នោះគេយកព្រះពស្ត្រទ្រង់ចែកជា៤ចំណែក ឲ្យម្នាក់ៗបាន១ចំណែក ក៏យកអាវវែងទ្រង់ដែរ តែអាវនោះបានត្បាញពីលើជាសំពត់តែ១ គ្មានថ្នេរសោះ
24. ដូច្នេះ គេនិយាយគ្នាថា កុំហែកអាវនេះឡើយ ចូរយើងចាប់ឆ្នោតវិញ ឲ្យបានដឹងជាអាវនេះនឹងទៅជារបស់អ្នកណា នោះដើម្បីឲ្យបានសំរេចបទគម្ពីរដែលថា «គេបានយកសំលៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេយកដោយចាប់ជាឆ្នោត» ពួកទាហានក៏ធ្វើដូច្នោះ។