15. តែគេស្រែកឡើងថា យកវាចេញ យកវាចេញ ឲ្យឆ្កាងវាទៅ លោកពីឡាត់សួរគេថា តើឲ្យខ្ញុំឆ្កាងស្តេចនៃអ្នករាល់គ្នាឬអី ពួកសង្គ្រាជឆ្លើយថា យើងខ្ញុំមានស្តេចតែសេសារទេ
16. ដូច្នេះ លោកក៏បញ្ជូនទ្រង់ទៅឲ្យគេឆ្កាង ហើយគេនាំទ្រង់យកទៅ។
17. ព្រះយេស៊ូវ ទ្រង់យាងចេញទៅ ទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថា ភ្នំលលាដ៏ក្បាល ដែលភាសាហេព្រើរហៅថា គាល់កូថា
18. គេក៏ឆ្កាងទ្រង់នៅទីនោះ ព្រមទាំង២នាក់ទៀតជាមួយនឹងទ្រង់ដែរ ម្នាក់ម្ខាងៗ ហើយព្រះយេស៊ូវនៅជាកណ្តាល
19. លោកពីឡាត់ធ្វើប្រកាស១បិទនៅលើឈើឆ្កាង មានសេចក្តីថា «នេះឈ្មោះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ស្តេចនៃសាសន៍យូដា»
20. មានសាសន៍យូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុង ហើយប្រកាសនោះ គេបានសរសេរជាភាសាហេព្រើរ ក្រេក និងឡាតាំង