9. នោះគឺដើម្បីឲ្យបានសំរេចពាក្យ ដែលទ្រង់មានព្រះបន្ទូលថា ក្នុងពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូម្បីម្នាក់ ក៏មិនបាត់ផង
10. រីឯស៊ីម៉ូន-ពេត្រុស គាត់មានដាវ ហើយក៏ហូតមក កាប់ដាច់ត្រចៀកស្តាំរបស់បាវសំដេចសង្ឃម្នាក់ បាវនោះឈ្មោះម៉ាលកុស
11. នោះព្រះយេស៊ូវមានព្រះបន្ទូលទៅពេត្រុសថា ចូរស៊កដាវទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំទទួលពែង ដែលព្រះវរបិតាបានប្រទានមកខ្ញុំទេឬអី។
12. នោះពួកទាហាន និងមេទ័ព ហើយពួកអាជ្ញារបស់សាសន៍យូដា ក៏ចាប់ព្រះយេស៊ូវចង
13. រួចនាំទៅឯលោកអាណ ជាមុនដំបូង ដ្បិតលោកជាឪពុកក្មេករបស់កៃផា ដែលធ្វើជាសំដេចសង្ឃក្នុងឆ្នាំនោះ
14. គឺលោកកៃផានេះឯង ដែលទូន្មានដល់ពួកសាសន៍យូដាថា មានប្រយោជន៍ឲ្យមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន
15. ឯស៊ីម៉ូន-ពេត្រុស និងសិស្សម្នាក់ទៀត ក៏តាមព្រះយេស៊ូវទៅ សំដេចសង្ឃបានស្គាល់សិស្ស១នោះដែរ ហើយគាត់ក៏ចូលទៅក្នុងព្រះលានសំដេចសង្ឃ ជាមួយនឹងព្រះយេស៊ូវ
16. ឯពេត្រុស គាត់ឈរនៅមាត់ទ្វារខាងក្រៅ ដូច្នេះ សិស្សម្នាក់ ដែលសំដេចសង្ឃស្គាល់នោះ គាត់ក៏ចេញទៅនិយាយនឹងអ្នកឆ្មាំទ្វារ រួចនាំពេត្រុសចូលមក
17. នោះបាវស្រីដែលចាំទ្វារនិយាយទៅពេត្រុសថា អ្នកឯងជាសិស្សរបស់មនុស្សនោះដែរឬ គាត់ឆ្លើយថា ខ្ញុំមិនមែនទេ
18. ពួកបាវ និងពួកអាជ្ញា ក៏ឈរនៅទីនោះដែរ គេបានដុតភ្លើងអាំង ព្រោះរងា ហើយពេត្រុសក៏ឈរអាំងនៅជាមួយនឹងគេ។
19. នោះសំដេចសង្ឃក៏ពិចារណាសួរព្រះយេស៊ូវ ពីដំណើរពួកសិស្ស និងសេចក្តីដែលទ្រង់បង្រៀន
20. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅលោកថា ខ្ញុំបាននិយាយនឹងបណ្តាមនុស្ស នៅកណ្តាលជំនុំ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំ ហើយក្នុងព្រះវិហារ ជាកន្លែងដែលពួកសាសន៍យូដាប្រជុំគ្នា ខ្ញុំមិនដែលនិយាយដោយសំងាត់ទេ