29. ដូច្នេះ លោកពីឡាត់ចេញទៅឯគេ សួរថា តើអ្នករាល់គ្នាចោទប្រកាន់មនុស្សនេះពីរឿងអ្វី
30. គេឆ្លើយទៅលោកថា បើវាមិនមែនជាមនុស្សអាក្រក់ នោះយើងខ្ញុំមិនបានបញ្ជូនវាមកទេ
31. ដូច្នេះ លោកពីឡាត់មានប្រសាសន៍ថា ចូរយកទៅជំនុំជំរះតាមច្បាប់របស់អ្នករាល់គ្នាចុះ តែពួកសាសន៍យូដាជំរាបលោកថា យើងខ្ញុំគ្មានច្បាប់នឹងសំឡាប់អ្នកណាទេ
32. គេនិយាយដូច្នោះ ដើម្បីឲ្យបានសំរេចពាក្យ ដែលព្រះយេស៊ូវមានព្រះបន្ទូល និងបង្ហាញពីទ្រង់សុគតបែបយ៉ាងណា
33. នោះលោកពីឡាត់ក៏ចូលទៅក្នុងសាលាជំនុំវិញ រួចហៅព្រះយេស៊ូវមកដណ្តឹងសួរថា តើអ្នកជាស្ដេចសាសន៍យូដាឬអី
34. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា តើលោកមានប្រសាសន៍ដូច្នេះ ដោយខ្លួនលោក ឬមានអ្នកណាជំរាបលោកពីខ្ញុំ
35. លោកពីឡាត់ឆ្លើយថា តើខ្ញុំជាសាសន៍យូដាឬអី គឺសាសន៍របស់អ្នកឯង និងពួកសង្គ្រាជទេតើ ដែលបញ្ជូនអ្នកមកខ្ញុំ ចុះអ្នកបានធ្វើអ្វី
36. ព្រះយេស៊ូវមានព្រះបន្ទូលថា នគរខ្ញុំមិនមែនត្រូវខាងលោកីយ៍នេះទេ បើសិនជានគរខ្ញុំត្រូវខាងលោកីយ៍នេះ នោះពួកអ្នកបំរើខ្ញុំ គេនឹងបានតយុទ្ធហើយ ដើម្បីមិនឲ្យត្រូវបញ្ជូនទៅសាសន៍យូដាឡើយ តែឥឡូវនេះ នគរខ្ញុំមិនមែនត្រូវខាងស្ថាននេះទេ
37. លោកពីឡាត់ក៏សួរទ្រង់ថា ដូច្នេះ អ្នកជាស្តេចមែនឬ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយ៍នេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្តីពិត អស់អ្នកណាដែលកើតពីសេចក្តីពិត នោះក៏ឮសំឡេងខ្ញុំ
38. លោកពីឡាត់ទូលសួរទ្រង់ថា តើយ៉ាងណាដែលហៅថាសេចក្តីពិតនោះ។កាលបានទូលដូច្នោះរួចហើយ នោះលោកចេញទៅឯពួកសាសន៍យូដាម្តងទៀត ក៏មានប្រសាសន៍ថា ខ្ញុំមិនឃើញជាអ្នកនោះមានទោសខុសអ្វីសោះ
39. អ្នករាល់គ្នាមានទំលាប់ធ្លាប់ឲ្យខ្ញុំលែងម្នាក់ ដល់អ្នករាល់គ្នា នៅវេលាបុណ្យរំលង ដូច្នេះ តើចង់ឲ្យខ្ញុំលែងស្តេចនៃសាសន៍យូដាឬអី
40. គេក៏ស្រែកឡើងទាំងអស់គ្នាម្តងទៀតថា កុំលែងអ្នកនោះឡើយ សូមលែងបារ៉ាបាសវិញ រីឯបារ៉ាបាស វាជាចោរប្លន់។