16. ឯពេត្រុស គាត់ឈរនៅមាត់ទ្វារខាងក្រៅ ដូច្នេះ សិស្សម្នាក់ ដែលសំដេចសង្ឃស្គាល់នោះ គាត់ក៏ចេញទៅនិយាយនឹងអ្នកឆ្មាំទ្វារ រួចនាំពេត្រុសចូលមក
17. នោះបាវស្រីដែលចាំទ្វារនិយាយទៅពេត្រុសថា អ្នកឯងជាសិស្សរបស់មនុស្សនោះដែរឬ គាត់ឆ្លើយថា ខ្ញុំមិនមែនទេ
18. ពួកបាវ និងពួកអាជ្ញា ក៏ឈរនៅទីនោះដែរ គេបានដុតភ្លើងអាំង ព្រោះរងា ហើយពេត្រុសក៏ឈរអាំងនៅជាមួយនឹងគេ។
19. នោះសំដេចសង្ឃក៏ពិចារណាសួរព្រះយេស៊ូវ ពីដំណើរពួកសិស្ស និងសេចក្តីដែលទ្រង់បង្រៀន
20. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅលោកថា ខ្ញុំបាននិយាយនឹងបណ្តាមនុស្ស នៅកណ្តាលជំនុំ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំ ហើយក្នុងព្រះវិហារ ជាកន្លែងដែលពួកសាសន៍យូដាប្រជុំគ្នា ខ្ញុំមិនដែលនិយាយដោយសំងាត់ទេ
21. ហេតុអ្វីបានជាលោកសួរខ្ញុំ ចូរសួរដល់ពួកអ្នកដែលបានស្តាប់ខ្ញុំ ពីសេចក្តីដែលខ្ញុំនិយាយនោះវិញ មើល គេដឹងសេចក្តីដែលខ្ញុំនិយាយដែរ
22. កាលទ្រង់មានព្រះបន្ទូលដូច្នេះហើយ នោះមានពួកអាជ្ញាម្នាក់ ដែលឈរនៅទីនោះ បានទះកំផ្លៀងព្រះយេស៊ូវ ដោយពាក្យថា ឯងឆ្លើយទៅសំដេចសង្ឃយ៉ាងដូច្នេះឬ
23. ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា បើខ្ញុំបាននិយាយអាក្រក់ នោះចូរធ្វើបន្ទាល់ពីសេចក្តីអាក្រក់នោះចុះ តែបើខ្ញុំបាននិយាយល្អវិញ ហេតុអ្វីបានជាវាយខ្ញុំ
24. នោះលោកអាណឲ្យគេនាំទ្រង់ទាំងជាប់ចំណង ទៅឯលោកកៃផា ជាសំដេចសង្ឃវិញ។
25. ឯស៊ីម៉ូន-ពេត្រុស គាត់កំពុងឈរអាំងភ្លើង ដូច្នេះ គេសួរគាត់ថា អ្នកឯងជាសិស្សរបស់អ្នកនោះដែរឬ តែគាត់ប្រកែកថា ខ្ញុំមិនមែនទេ
26. មានពួកបាវសំដេចសង្ឃម្នាក់ គឺជាសាច់ញាតិនឹងអ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀកនោះ ក៏និយាយថា តើអញមិនបានឃើញឯងនៅក្នុងច្បារជាមួយនឹងអ្នកនោះទេឬអី
27. ពេត្រុសក៏ប្រកែកម្តងទៀត ស្រាប់តែមាន់រងាវឡើង។
28. គេនាំព្រះយេស៊ូវ ពីលោកកៃផា ទៅក្នុងសាលាជំនុំ ពេលនោះ ព្រលឹមស្រាងហើយ គេមិនបានចូលទៅក្នុងសាលាទេ ក្រែងគេត្រូវសៅហ្មង និងបរិភោគបុណ្យរំលងមិនបាន
29. ដូច្នេះ លោកពីឡាត់ចេញទៅឯគេ សួរថា តើអ្នករាល់គ្នាចោទប្រកាន់មនុស្សនេះពីរឿងអ្វី
30. គេឆ្លើយទៅលោកថា បើវាមិនមែនជាមនុស្សអាក្រក់ នោះយើងខ្ញុំមិនបានបញ្ជូនវាមកទេ
31. ដូច្នេះ លោកពីឡាត់មានប្រសាសន៍ថា ចូរយកទៅជំនុំជំរះតាមច្បាប់របស់អ្នករាល់គ្នាចុះ តែពួកសាសន៍យូដាជំរាបលោកថា យើងខ្ញុំគ្មានច្បាប់នឹងសំឡាប់អ្នកណាទេ
32. គេនិយាយដូច្នោះ ដើម្បីឲ្យបានសំរេចពាក្យ ដែលព្រះយេស៊ូវមានព្រះបន្ទូល និងបង្ហាញពីទ្រង់សុគតបែបយ៉ាងណា
33. នោះលោកពីឡាត់ក៏ចូលទៅក្នុងសាលាជំនុំវិញ រួចហៅព្រះយេស៊ូវមកដណ្តឹងសួរថា តើអ្នកជាស្ដេចសាសន៍យូដាឬអី
34. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា តើលោកមានប្រសាសន៍ដូច្នេះ ដោយខ្លួនលោក ឬមានអ្នកណាជំរាបលោកពីខ្ញុំ