1. កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនោះរួចហើយ នោះទ្រង់យាងទៅខាងនាយជ្រោះកេដ្រុន បាននាំទាំងពួកសិស្សទៅផង ហើយទ្រង់ និងពួកសិស្សក៏ចូលទៅក្នុងច្បារ១ដែលនៅទីនោះ
2. ឯយូដាស ដែលជាអ្នកបញ្ជូនទ្រង់ ក៏ស្គាល់កន្លែងនោះដែរ ពីព្រោះព្រះយេស៊ូវ និងពួកសិស្ស តែងប្រជុំនៅទីនោះជាញឹកញយ
3. ដូច្នេះ កាលយូដាសបានទទួលពួកទាហាន និងពួកអាជ្ញាខ្លះ ពីពួកសង្គ្រាជ និងពួកផារិស៊ីហើយ នោះក៏នាំគ្នាទៅឯទីនោះ មានទាំងកាន់គោម ចន្លុះ និងគ្រឿងសស្ត្រាវុធផង
4. ព្រះយេស៊ូវទ្រង់ជ្រាបការទាំងអស់ ដែលត្រូវមកដល់ទ្រង់ បានជាទ្រង់យាងចេញទៅសួរគេថា តើមករកអ្នកណា
5. គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា គឺខ្ញុំនេះហើយ ឯយូដាសដែលបញ្ជូនទ្រង់ ក៏ឈរនៅជាមួយនឹងគេដែរ
6. កាលទ្រង់មានព្រះបន្ទូលទៅគេថា គឺខ្ញុំនេះហើយ នោះគេក៏ថយក្រោយ ដួលផ្ងារទាំងអស់គ្នា
7. ដូច្នេះ ទ្រង់មានព្រះបន្ទូលសួរគេម្តងទៀតថា តើរកអ្នកណា គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត
8. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ខ្ញុំបានប្រាប់អ្នករាល់គ្នាថា គឺខ្ញុំនេះហើយ ដូច្នេះ បើអ្នករាល់គ្នារកខ្ញុំ នោះចូរបើកឲ្យអ្នកទាំងនេះទៅចុះ
9. នោះគឺដើម្បីឲ្យបានសំរេចពាក្យ ដែលទ្រង់មានព្រះបន្ទូលថា ក្នុងពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូម្បីម្នាក់ ក៏មិនបាត់ផង