13. កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត ដ្បិតទ្រង់នឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូល ចំពោះតែសេចក្តីណាដែលទ្រង់ឮ ហើយនឹងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក
14. ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្តីដែលដំរូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា
15. គ្រប់ទាំងអស់ដែលព្រះវរបិតាមាន នោះជារបស់ផងខ្ញុំដែរ ហេតុនោះបានជាខ្ញុំប្រាប់ថា ទ្រង់នឹងយកសេចក្តីដែលដំរូវពីខ្ញុំ មកប្រាប់អ្នករាល់គ្នា។
16. នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំ រួចបន្តិចទៀត នឹងឃើញខ្ញុំវិញ ដ្បិតខ្ញុំទៅឯព្រះវរបិតា
17. ដូច្នេះ មានពួកសិស្សទ្រង់ខ្លះនិយាយគ្នាថា ពាក្យនេះដែលទ្រង់មានព្រះបន្ទូលមកយើងថា «នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំ រួចបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ» ហើយដែលថា «ដ្បិតខ្ញុំទៅឯព្រះវរបិតា» នេះតើមានន័យដូចម្តេច
18. ហេតុនោះបានជាគេនិយាយថា ពាក្យនេះដែលទ្រង់មានព្រះបន្ទូលថា «នៅបន្តិចទៀត» ដូច្នេះ នោះចង់ថាដូចម្តេច យើងស្តាប់មិនបានទេ
19. ព្រះយេស៊ូវក៏ជ្រាបថា គេចង់សួរទ្រង់ បានជាទ្រង់មានព្រះបន្ទូលទៅគេថា តើអ្នកអ្នករាល់គ្នាសាកសួរគ្នាពីពាក្យដែលខ្ញុំថា នៅបន្តិចទៀត នឹងលែងឃើញខ្ញុំ រួចបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ ឬអី
20. ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងយំ ហើយសោកសង្រេង តែលោកីយ៍នឹងអរសប្បាយឡើង អ្នករាល់គ្នានឹងព្រួយចិត្ត តែសេចក្តីព្រួយរបស់អ្នករាល់គ្នា នឹងប្រែទៅជាសេចក្តីអំណរវិញ
21. ឯស្ត្រី កាលណាហៀបនឹងសំរាលកូន នោះតែងព្រួយចិត្ត ព្រោះដល់កំណត់ហើយ តែកាលណាសំរាលរួចមក នោះលែងនឹកពីសេចក្តីវេទនានោះហើយ ពីព្រោះមានសេចក្តីអំណរ ដោយព្រោះមានកូនមួយកើតមកក្នុងលោក
22. ឥឡូវនេះ អ្នករាល់គ្នាមានសេចក្តីព្រួយដូច្នោះមែន ប៉ុន្តែខ្ញុំនឹងឃើញអ្នករាល់គ្នាម្តងទៀត នោះអ្នករាល់គ្នានឹងមានចិត្តអរសប្បាយវិញ ក៏នឹងឥតមានអ្នកណាដកយកសេចក្តីអំណរនោះ ចេញពីអ្នករាល់គ្នាបានឡើយ
23. នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសូមអ្វីពីខ្ញុំទៀត ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗ ដែលអ្នករាល់គ្នានឹងសូមដល់ព្រះវរបិតា ដោយនូវឈ្មោះខ្ញុំ នោះទ្រង់នឹងប្រទានឲ្យ
24. តាំងពីដើមមក អ្នករាល់គ្នាមិនបានសូមអ្វី ដោយនូវឈ្មោះខ្ញុំទេ ឥឡូវ ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញពិត។