23. មានសិស្សម្នាក់ដែលព្រះយេស៊ូវស្រឡាញ់ គាត់អង្គុយនៅតុ ផ្អែកលើព្រះឧរាទ្រង់
24. ដូច្នេះ ស៊ីម៉ូន-ពេត្រុសក៏ធ្វើគ្រឿងសំគាល់ ឲ្យអ្នកនោះទូលសួរព្រះយេស៊ូវ អំពីអ្នកណាដែលទ្រង់មានព្រះបន្ទូលនោះ
25. អ្នកនោះក៏ទូលសួរព្រះយេស៊ូវ ទាំងទំរេតលើព្រះឧរាទ្រង់ថា ព្រះអម្ចាស់អើយ តើអ្នកណា
26. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា គឺជាអ្នកដែលខ្ញុំនឹងជ្រលក់ចំណិតនំបុ័ងហុចទៅឲ្យ រួចទ្រង់ជ្រលក់នំបុ័ង១ចំណិត ប្រទានទៅឲ្យយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន
27. ក្រោយដែលទទួលចំណិតនោះហើយ នោះអារក្សសាតាំងក៏ចូលវា រួចព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា ការអ្វីដែលអ្នកគិតធ្វើ នោះចូរធ្វើជាប្រញាប់ទៅចុះ
28. ប៉ុន្តែ ក្នុងពួកអ្នកដែលអង្គុយនៅតុ គ្មានអ្នកណាដឹងជាទ្រង់មានព្រះបន្ទូលទៅវា ដោយហេតុអ្វីទេ
29. ខ្លះស្មានថា ដោយព្រោះយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូវ ទ្រង់ប្រាប់ឲ្យវាទៅទិញអីវ៉ាន់អ្វីនីមួយ ដែលត្រូវការសំរាប់បុណ្យនោះ ឬឲ្យវាចែកទានអ្វីដល់ពួកអ្នកក្រីក្រ
30. កាលវាបានទទួលចំណិតនំនោះ វាក៏ចេញទៅជា១រំពេច ពេលនោះ យប់ហើយ។
31. កាលវាចេញផុតទៅ នោះព្រះយេស៊ូវមានព្រះបន្ទូលថា ឥឡូវនេះ កូនមនុស្សបានដំកើងឡើងហើយ ព្រះក៏បានដំកើងឡើងក្នុងកូនមនុស្សដែរ
32. បើសិនជាព្រះបានដំកើងឡើងក្នុងកូនមនុស្ស នោះទ្រង់នឹងដំកើងកូនមនុស្សឡើងក្នុងព្រះអង្គទ្រង់ដែរ ក៏នឹងដំកើងកូនមនុស្សឡើងជា១រំពេចផង
33. ឱកូនរាល់គ្នាអើយ ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ អ្នករាល់គ្នានឹងរកខ្ញុំ តែដូចជាខ្ញុំបានប្រាប់ដល់ពួកសាសន៍យូដារួចហើយថា កន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ ឥឡូវនេះ ខ្ញុំក៏ប្រាប់ដល់អ្នករាល់គ្នាដូច្នោះដែរ
34. ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ
35. គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក។
36. ស៊ីម៉ូន-ពេត្រុសទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទ្រង់យាងទៅឯណា ព្រះយេស៊ូវទ្រង់ឆ្លើយថា កន្លែងដែលខ្ញុំទៅ នោះអ្នកពុំអាចនឹងទៅតាម ក្នុងគ្រាឥឡូវនេះបានទេ លុះគ្រាក្រោយទើបអ្នកនឹងទៅបាន
37. ពេត្រុសទូលទ្រង់ថា ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំទៅតាម ក្នុងគ្រានេះពុំបាន ទូលបង្គំស៊ូតែប្តូរជីវិតជំនួសទ្រង់
38. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា តើអ្នកនឹងប្តូរជីវិតជំនួសខ្ញុំឬ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា មាន់មិនរងាវទៀត ទាល់តែអ្នកបានប្រកែក៣ដង ថាមិនស្គាល់ខ្ញុំ។