32. ឯខ្ញុំ បើសិនជាខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ
33. ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះ ដើម្បីនឹងបង្ហាញ ពីទ្រង់ត្រូវសុគតជាបែបយ៉ាងណា
34. ហ្វូងមនុស្សទូលឆ្លើយថា យើងខ្ញុំបានឮក្នុងក្រឹត្យវិន័យថា ព្រះគ្រីស្ទ ទ្រង់គង់នៅអស់កល្បជានិច្ច ចុះធ្វើដូចម្តេចបានជាថា កូនមនុស្សត្រូវលើកឡើងដូច្នេះ តើអ្នកណាជាកូនមនុស្សនេះ
35. នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ពន្លឺនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ ចូរដើរកំពុងដែលនៅមានពន្លឺចុះ ក្រែងលោសេចក្តីងងឹតតាមអ្នករាល់គ្នាទាន់ អ្នកណាដែលដើរក្នុងសេចក្តីងងឹត នោះមិនដឹងជាទៅឯណាទេ
36. ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ។
37. លុះព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះហើយ នោះទ្រង់ក៏យាងចេញទៅ ហើយបានកំបាំងពីគេ ប៉ុន្តែ ទោះបើទ្រង់បានធ្វើទីសំគាល់ នៅមុខគេជាច្រើនទាំងម៉្លេះក៏ដោយ គង់តែគេមិនបានជឿដល់ទ្រង់ដែរ
38. ដើម្បីឲ្យពាក្យរបស់ហោរាអេសាយបានសំរេច ដែលទាយថា «ព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្តីដែលយើងខ្ញុំប្រាប់ ហើយតើព្រះហស្តព្រះអម្ចាស់បានបើកសំដែងមក ឲ្យអ្នកណាឃើញ»
39. គឺដោយហេតុនោះបានជាគេជឿពុំបាន ពីព្រោះលោកអេសាយក៏ទាយទៀតថា
40. «ទ្រង់បានធ្វើឲ្យភ្នែកគេខ្វាក់ ហើយឲ្យចិត្តគេរឹង ក្រែងភ្នែកគេមើលឃើញ ចិត្តគេយល់ ហើយគេប្រែគំនិត ដើម្បីឲ្យអញបានប្រោសឲ្យជា»
41. លោកអេសាយមានប្រសាសន៍សេចក្តីទាំងនេះ ពីព្រោះលោកបានឃើញសិរីល្អទ្រង់ ហើយក៏ទាយពីទ្រង់
42. ប៉ុន្តែ នៅក្នុងពួកនាម៉ឺន ក៏មានជាច្រើននាក់បានជឿដល់ទ្រង់ដែរ តែគេមិនហ៊ានប្រាប់ដល់អ្នកណាសោះ ដោយព្រោះពួកផារិស៊ី ក្រែងត្រូវកាត់ចេញពីពួកជំនុំគេទៅ
43. ពីព្រោះគេចូលចិត្តនឹងសេចក្តីសរសើររបស់មនុស្ស ជាជាងសេចក្តីសរសើររបស់ព្រះវិញ។
44. ព្រះយេស៊ូវទ្រង់បន្លឺឡើងថា អ្នកណាដែលជឿដល់ខ្ញុំ នោះមិនមែនជឿដល់ខ្ញុំ គឺជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកនោះវិញ
45. ហើយអ្នកណាដែលឃើញខ្ញុំ នោះក៏ឃើញព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ
46. ខ្ញុំបានមកក្នុងលោកីយ៍ជាពន្លឺភ្លឺ ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ ត្រូវនៅក្នុងសេចក្តីងងឹតឡើយ
47. បើអ្នកណាឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេ ដ្បិតខ្ញុំមិនបានមក ដើម្បីនឹងកាត់ទោសដល់លោកីយ៍ទេ គឺមកប្រយោជន៍នឹងសង្គ្រោះវិញ