40. ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា តើខ្ញុំមិនបានប្រាប់នាងថា បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬអី
41. ដូច្នេះ គេក៏យកថ្មចេញ រួចព្រះយេស៊ូវងើបព្រះនេត្រទៅលើ ទូលថា ឱព្រះវរបិតាអើយ ទូលបង្គំអរព្រះគុណដល់ព្រះអង្គ ដោយព្រោះទ្រង់បានអនុញ្ញាតតាមទូលបង្គំ
42. ទូលបង្គំដឹងថា ទ្រង់អនុញ្ញាតតាមទូលបង្គំជាដរាប តែដែលទូលបង្គំទូលដូច្នេះ គឺដោយព្រោះតែបណ្តាមនុស្សដែលឈរនៅជុំវិញទេ ដើម្បីឲ្យគេជឿថា ទ្រង់បានចាត់ឲ្យទូលបង្គំមកមែន
43. កាលទ្រង់មានព្រះបន្ទូលដូច្នេះហើយ ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក
44. នោះអ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ចូរស្រាយគាត់ឲ្យទៅចុះ។
45. ដូច្នេះ កាលពួកសាសន៍យូដា ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវធ្វើ នោះមានគ្នាជាច្រើនជឿដល់ទ្រង់
46. តែមានខ្លះទៅជំរាបដល់ពួកផារិស៊ី ពីការដែលព្រះយេស៊ូវបានធ្វើ
47. នោះពួកសង្គ្រាជ និងពួកផារិស៊ី គេប្រមូលក្រុមប្រឹក្សាមកនិយាយថា តើយើងត្រូវធ្វើដូចម្តេច ព្រោះមនុស្សនេះធ្វើទីសំគាល់ច្រើនណាស់
48. បើយើងទុកឲ្យធ្វើតែយ៉ាងដូច្នេះទៅ នោះមុខជាមនុស្សទាំងអស់នឹងជឿតាមវាហើយ រួចសាសន៍រ៉ូមនឹងមកចាប់យកទាំងស្រុក និងជាតិយើងផង
49. មានក្រុមជំនុំម្នាក់ឈ្មោះកៃផា ដែលធ្វើជាសំដេចសង្ឃក្នុងឆ្នាំនោះ លោកមានប្រសាសន៍ថា អ្នករាល់គ្នាមិនដឹងអ្វីសោះ
50. ក៏មិនគិតពិចារណាឃើញថា បើមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន នោះមានប្រយោជន៍ ដល់អ្នករាល់គ្នាជាជាង ដើម្បីកុំឲ្យជាតិយើងនេះត្រូវវិនាសទាំងអស់ឡើយ
51. តែលោកមិននិយាយសេចក្តីនោះ ដោយអាងតែខ្លួនលោកទេ គឺដោយព្រោះលោកជាសំដេចសង្ឃនៅឆ្នាំនោះ បានជាលោកទាយថា ព្រះយេស៊ូវត្រូវសុគតជំនួសសាសន៍នោះ