3. បងប្អូនស្រី២នាក់នោះ ក៏ចាត់គេឲ្យទៅឯព្រះយេស៊ូវ ទូលថា ព្រះអម្ចាស់អើយ មើល អ្នកដែលទ្រង់ស្រឡាញ់នោះគាត់ឈឺ
4. កាលទ្រង់បានឮដូច្នេះ នោះក៏មានព្រះបន្ទូលថា ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសំរាប់ជាកិត្តិសព្ទដល់ព្រះវិញ ដើម្បីនឹងលើកដំកើងដល់ព្រះរាជបុត្រានៃព្រះ ដោយសារជំងឺនេះឯង
5. រីឯព្រះយេស៊ូវ ទ្រង់ស្រឡាញ់នាងម៉ាថា និងប្អូនស្រីនាង ហើយនឹងឡាសារផង
6. ដូច្នេះ កាលទ្រង់បានឮថា គាត់ឈឺ នោះទ្រង់ក៏គង់នៅកន្លែងដដែល២ថ្ងៃទៀត
7. ក្រោយនោះមក ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចូរយើងត្រឡប់ទៅស្រុកយូដាវិញ
8. ពួកសិស្សទូលទ្រង់ថា លោកគ្រូ ពួកសាសន៍យូដាទើបនឹងរកចោលលោកនឹងថ្មពីមុននោះ ដូច្នេះ តើលោកគិតទៅឯណោះទៀតឬ
9. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ក្នុង១ថ្ងៃ មាន១២ម៉ោងទេតើ បើអ្នកណាដើរនៅពេលថ្ងៃ នោះមិនជំពប់ជើងទេ ព្រោះឃើញពន្លឺលោកីយ៍នេះ
10. តែបើអ្នកណាដើរទៅពេលយប់ នោះត្រូវជំពប់ជើងវិញ គឺព្រោះគ្មានពន្លឺនៅក្នុងខ្លួនសោះ
11. ក្រោយដែលទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះហើយ នោះក៏មានព្រះបន្ទូលទៀតថា ឡាសារ ជាសំឡាញ់យើង គាត់បានដេកលក់ទៅហើយ ខ្ញុំទៅដើម្បីនឹងដាស់គាត់ឡើង
12. ដូច្នេះ ពួកសិស្សទូលថា ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះគាត់នឹងបានជាវិញ
13. ឯព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលពីគាត់ស្លាប់ទេ តែគេស្មានថា ទ្រង់មានព្រះបន្ទូលអំពីគាត់គ្រាន់តែដេកសំរាកប៉ុណ្ណោះ
14. ព្រះយេស៊ូវមានព្រះបន្ទូលទៅគេជាយ៉ាងច្បាស់ថា ឡាសារស្លាប់ហើយ
15. ខ្ញុំក៏អរណាស់ ដោយយល់ដល់អ្នករាល់គ្នា ព្រោះខ្ញុំមិនបាននៅឯណោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ ឥឡូវ ចូរយើងទៅឯគាត់ចុះ