24. ម៉ាថាទូលទ្រង់ថា ខ្ញុំដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងវិញដែរ
25. ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ
26. ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្តីនេះឬទេ
27. នាងទូលឆ្លើយថា ព្រះពរព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយ ថាទ្រង់ជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ ដែលត្រូវយាងមកក្នុងលោកីយ៍មែន។
28. កាលនាងបានពោលពាក្យដូច្នោះហើយ នោះក៏ទៅហៅម៉ារា ប្អូននាង មកដោយសំងាត់ ប្រាប់ថា លោកគ្រូអញ្ជើញមកដល់ហើយ លោកហៅរកឯង
29. កាលនាងម៉ារាបានឮពាក្យនោះ ក៏ក្រោកឡើងជាប្រញាប់ទៅឯទ្រង់
30. ឯព្រះយេស៊ូវ ទ្រង់មិនទាន់យាងចូលក្នុងភូមិនៅឡើយ គឺទ្រង់គង់នៅត្រង់កន្លែងដែលម៉ាថាបានជួបនោះ
31. កាលពួកសាសន៍យូដា ដែលនៅក្នុងផ្ទះ កំពុងតែជួយកំសាន្តចិត្តនាងម៉ារា បានឃើញថា នាងក្រោកឡើងចេញទៅជាប្រញាប់ដូច្នេះ គេក៏តាមនាងទៅ ដោយនិយាយគ្នាថា នាងគិតទៅយំឯផ្នូរហើយ។
32. នាងម៉ារាក៏ទៅដល់កន្លែង ដែលព្រះយេស៊ូវគង់នៅ កាលបានឃើញទ្រង់ នោះនាងក្រាបនៅទៀបព្រះបាទទូលថា ព្រះអម្ចាស់អើយ បើទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ
33. កាលព្រះយេស៊ូវឃើញនាងយំ ព្រមទាំងពួកសាសន៍យូដា ដែលមកជាមួយនឹងនាងផង នោះទ្រង់មានសេចក្តីរំជួល ទាំងក្នាញ់ក្នុងព្រះហឫទ័យ
34. ហើយមានព្រះបន្ទូលសួរថា អ្នករាល់គ្នាបានយករូបបុគ្គលទៅទុកឯណា គេទូលឆ្លើយថា ព្រះអម្ចាស់ សូមយាងទៅទតមើល
35. ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង
36. ដូច្នេះ ពួកសាសន៍យូដានិយាយថា មើល លោកស្រឡាញ់គាត់ណាស់ហ្ន៎
37. ហើយពួកខ្លះនិយាយថា លោកនេះដែលបានប្រោសមនុស្សខ្វាក់ឲ្យភ្លឺ តើពុំអាចនឹងឃាត់មិនឲ្យមនុស្សនេះស្លាប់បានដែរឬ។
38. នោះព្រះយេស៊ូវយាងទៅដល់ផ្នូរ ទាំងមានសេចក្តីក្នាញ់ក្នុងព្រះហឫទ័យម្តងទៀត ឯផ្នូរនោះជារអាងភ្នំ ហើយមានថ្ម១បិទសន្ធប់
39. ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរយកថ្មចេញ តែម៉ាថា ជាបងរបស់រូបបុគ្គលនោះទូលថា ព្រះអម្ចាស់អើយ ខ្មោចនេះធុំក្លិនហើយ ព្រោះស្លាប់កន្លងមកបាន៤ថ្ងៃ