15. ខ្ញុំក៏អរណាស់ ដោយយល់ដល់អ្នករាល់គ្នា ព្រោះខ្ញុំមិនបាននៅឯណោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ ឥឡូវ ចូរយើងទៅឯគាត់ចុះ
16. ដូច្នេះ ថូម៉ាសដែលហៅថា ឌីឌីម គាត់និយាយទៅពួកសិស្សជាគូកនគាត់ថា ចូរយើងរាល់គ្នាទៅដែរ ដើម្បីនឹងប្តូរស្លាប់ជាមួយនឹងលោក។
17. កាលព្រះយេស៊ូវយាងទៅដល់ហើយ នោះបានឮថា ឡាសារនៅក្នុងផ្នូរអស់៤ថ្ងៃហើយ
18. រីឯភូមិបេថានី នោះនៅជិតក្រុងយេរូសាឡិម ប្រហែលជា៣គីឡូម៉ែត្រទេ
19. ហើយមានពួកសាសន៍យូដាជាច្រើនបានមក ដើម្បីជួយកំសាន្តទុក្ខនាងម៉ាថា និងម៉ារា ពីដំណើរប្អូនស្លាប់
20. កាលម៉ាថាបានឮថា ព្រះយេស៊ូវយាងមកហើយ នោះនាងក៏ទៅទទួលទ្រង់ តែម៉ារាអង្គុយនៅឯផ្ទះ
21. ម៉ាថាទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ
22. ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន
23. ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ប្អូននាងនឹងរស់ឡើងវិញ
24. ម៉ាថាទូលទ្រង់ថា ខ្ញុំដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងវិញដែរ
25. ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ
26. ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្តីនេះឬទេ
27. នាងទូលឆ្លើយថា ព្រះពរព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយ ថាទ្រង់ជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ ដែលត្រូវយាងមកក្នុងលោកីយ៍មែន។