31. នោះពួកសាសន៍យូដាក៏រើសថ្មម្តងទៀត ដើម្បីនឹងចោលព្រះយេស៊ូវ
32. តែទ្រង់មានព្រះបន្ទូលសួរគេថា ខ្ញុំបានសំដែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើន ដែលមកពីព្រះវរបិតាខ្ញុំ តើអ្នករាល់គ្នាចោលខ្ញុំនឹងថ្ម ដោយព្រោះការណាមួយនោះ
33. ពួកសាសន៍យូដាទូលឆ្លើយថា យើងចោលអ្នកនឹងថ្ម មិនមែនដោយព្រោះការល្អណាទេ គឺដោយព្រោះពាក្យប្រមាថដល់ព្រះ ហើយពីព្រោះអ្នក ដែលជាមនុស្ស បានតាំងខ្លួនឡើងជាព្រះវិញប៉ុណ្ណោះ
34. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា តើគ្មានសេចក្តីចែងទុកមកក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នាថា «អញបាននិយាយថា ឯងរាល់គ្នាជាព្រះ»ទេឬអី
35. ដូច្នេះ បើទ្រង់បានហៅអ្នកទាំងនោះជាព្រះ ដែលព្រះបន្ទូលរបស់ព្រះអង្គបានឮទៅដល់គេ ហើយបើលើកចោលបទគម្ពីរណាមិនបាន
36. នោះតើអ្នករាល់គ្នានិយាយមកខ្ញុំនេះ ដែលព្រះវរបិតាញែកជាបរិសុទ្ធ ហើយចាត់មកក្នុងលោកីយ៍ ថា ខ្ញុំពោលពាក្យប្រមាថដល់ព្រះ ដោយព្រោះតែខ្ញុំនិយាយថា ខ្ញុំជាព្រះរាជបុត្រានៃព្រះដូច្នេះឬអី
37. បើសិនជាខ្ញុំមិនធ្វើការរបស់ព្រះវរបិតាខ្ញុំទេ នោះកុំឲ្យជឿដល់ខ្ញុំឡើយ
38. ប៉ុន្តែ បើខ្ញុំធ្វើការរបស់ទ្រង់វិញ នោះទោះបើអ្នករាល់គ្នាមិនជឿខ្ញុំ គង់តែត្រូវជឿដល់ការទាំងនោះដែរ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយជឿថា ព្រះវរបិតាទ្រង់គង់នៅក្នុងខ្ញុំ ហើយខ្ញុំក្នុងទ្រង់ដែរ។
39. គេក៏ចាប់ទ្រង់ម្តងទៀត តែទ្រង់គេចចេញរួចពីកណ្តាប់ដៃគេទៅ
40. រួចយាងទៅខាងនាយទន្លេយ័រដាន់វិញទៀត គឺជាកន្លែងដែលលោកយ៉ូហានធ្វើបុណ្យជ្រមុជជាមុនដំបូង ហើយទ្រង់គង់នៅទីនោះ
41. នោះមានមនុស្សជាច្រើនមកឯទ្រង់ ក៏និយាយថា លោកយ៉ូហានគ្មានធ្វើទីសំគាល់ណាទេ តែសេចក្តីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ពីអ្នកនេះ នោះសុទ្ធតែពិតទាំងអស់
42. នៅទីនោះ មានមនុស្សជាច្រើនជឿដល់ទ្រង់ដែរ។