27. ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ
28. ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ
29. ព្រះវរបិតានៃខ្ញុំ ដែលប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់ គ្មានអ្នកណាអាចនឹងឆក់វាចេញពីព្រះហស្តរបស់ព្រះវរបិតាខ្ញុំបានឡើយ
30. ខ្ញុំ ហើយនឹងព្រះវរបិតា គឺតែ១ព្រះអង្គទេ។
31. នោះពួកសាសន៍យូដាក៏រើសថ្មម្តងទៀត ដើម្បីនឹងចោលព្រះយេស៊ូវ
32. តែទ្រង់មានព្រះបន្ទូលសួរគេថា ខ្ញុំបានសំដែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើន ដែលមកពីព្រះវរបិតាខ្ញុំ តើអ្នករាល់គ្នាចោលខ្ញុំនឹងថ្ម ដោយព្រោះការណាមួយនោះ
33. ពួកសាសន៍យូដាទូលឆ្លើយថា យើងចោលអ្នកនឹងថ្ម មិនមែនដោយព្រោះការល្អណាទេ គឺដោយព្រោះពាក្យប្រមាថដល់ព្រះ ហើយពីព្រោះអ្នក ដែលជាមនុស្ស បានតាំងខ្លួនឡើងជាព្រះវិញប៉ុណ្ណោះ
34. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា តើគ្មានសេចក្តីចែងទុកមកក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នាថា «អញបាននិយាយថា ឯងរាល់គ្នាជាព្រះ»ទេឬអី
35. ដូច្នេះ បើទ្រង់បានហៅអ្នកទាំងនោះជាព្រះ ដែលព្រះបន្ទូលរបស់ព្រះអង្គបានឮទៅដល់គេ ហើយបើលើកចោលបទគម្ពីរណាមិនបាន
36. នោះតើអ្នករាល់គ្នានិយាយមកខ្ញុំនេះ ដែលព្រះវរបិតាញែកជាបរិសុទ្ធ ហើយចាត់មកក្នុងលោកីយ៍ ថា ខ្ញុំពោលពាក្យប្រមាថដល់ព្រះ ដោយព្រោះតែខ្ញុំនិយាយថា ខ្ញុំជាព្រះរាជបុត្រានៃព្រះដូច្នេះឬអី
37. បើសិនជាខ្ញុំមិនធ្វើការរបស់ព្រះវរបិតាខ្ញុំទេ នោះកុំឲ្យជឿដល់ខ្ញុំឡើយ
38. ប៉ុន្តែ បើខ្ញុំធ្វើការរបស់ទ្រង់វិញ នោះទោះបើអ្នករាល់គ្នាមិនជឿខ្ញុំ គង់តែត្រូវជឿដល់ការទាំងនោះដែរ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយជឿថា ព្រះវរបិតាទ្រង់គង់នៅក្នុងខ្ញុំ ហើយខ្ញុំក្នុងទ្រង់ដែរ។