1. ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលចូលទៅក្នុងក្រោលចៀម មិនមែនតាមទ្វារ គឺឡើងចូលតាមកន្លែងណាឯទៀតវិញ អ្នកនោះឈ្មោះថាជាចោរលួច ចោរប្លន់ហើយ
2. ឯអ្នកដែលចូលតាមទ្វារ នោះជាអ្នកគង្វាលចៀមពិត
3. អ្នកឆ្មាំទ្វារក៏បើកឲ្យអ្នកនោះ ហើយហ្វូងចៀមស្តាប់តាមសំឡេងគាត់ដែរ ឯចៀមរបស់គាត់ នោះគាត់ហៅតាមឈ្មោះវានីមួយៗ នាំចេញទៅក្រៅ
4. កាលបានបញ្ចេញចៀមខ្លួន ទៅក្រៅអស់ហើយ នោះគាត់ដើរមុនវា ហើយចៀមក៏ដើរតាមក្រោយទៅ ដ្បិតវាស្គាល់សំឡេងគាត់
5. វាមិនព្រមតាមមនុស្សដទៃទេ វានឹងរត់ចេញពីគេវិញ ពីព្រោះវាមិនស្គាល់សំឡេងរបស់មនុស្សដទៃណាសោះ
6. ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលពាក្យប្រៀបប្រដូចនេះទៅគេ តែគេមិនដឹងជាទ្រង់មានព្រះបន្ទូលពីដំណើរអ្វីទេ។
7. ដូច្នេះ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេម្តងទៀតថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំជាទ្វារចៀម
8. អស់អ្នកដែលមកមុនខ្ញុំ នោះសុទ្ធតែជាចោរលួចចោរប្លន់ទទេ តែចៀមមិនបានស្តាប់តាមអ្នកទាំងនោះឡើយ
9. ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នេះនឹងបានសង្គ្រោះ រួចនឹងចេញចូល ហើយនឹងរកបានវាលស្មៅដ៏ស្រួល
10. ឯចោរ វាមកប្រយោជន៍តែនឹងលួច សំឡាប់ ហើយបំផ្លាញប៉ុណ្ណោះ តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង
11. ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្តូរជីវិតជំនួសចៀម
12. តែអ្នកស៊ីឈ្នួល ដែលមិនមែនជាអ្នកគង្វាលពិត ហើយចៀមក៏មិនមែនជារបស់ផងវា លុះវាឃើញឆ្កែព្រៃមក ក៏រត់ចេញចោលចៀម នោះឆ្កែព្រៃឆក់យកទៅ ទាំងដេញកំចាត់កំចាយហ្វូងចៀមផង
13. អ្នកស៊ីឈ្នួលនោះរត់ទៅ ពីព្រោះវាគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ វាមិនយកចិត្តទុកដាក់នឹងចៀមឡើយ