33. ខ្ញុំមិនបានស្គាល់ទ្រង់ទេ ប៉ុន្តែព្រះដែលចាត់ឲ្យខ្ញុំមកធ្វើបុណ្យជ្រមុជដោយទឹក ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ដែលឯងឃើញព្រះវិញ្ញាណ យាងចុះមក សណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធ
34. ខ្ញុំបានឃើញមែន ហើយក៏ធ្វើបន្ទាល់ពីព្រះអង្គនោះថា ទ្រង់ជាព្រះរាជបុត្រានៃព្រះពិតមែន។
35. លុះស្អែកឡើងទៀត យ៉ូហានឈរនៅជាមួយនឹងសិស្សគាត់២នាក់
36. គាត់មើលទៅព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងទៅ ក៏ពោលថា នុ៎ះន៍ កូនចៀមនៃព្រះ
37. សិស្សគាត់ទាំង២នាក់នោះក៏ឮដែរ រួចគេដើរតាមព្រះយេស៊ូវទៅ
38. ឯព្រះយេស៊ូវ ទ្រង់ងាកបែរមក ឃើញអ្នកទាំង២ កំពុងតែដើរតាម ក៏មានព្រះបន្ទូលទៅគេថា អ្នកមករកអី គេទូលឆ្លើយថា រ៉ាប៊ី (គឺប្រែថា លោកគ្រូ) តើលោកនៅឯណា
39. ទ្រង់មានព្រះបន្ទូលថា ចូរតាមខ្ញុំទៅមើល គេក៏ទៅឃើញកន្លែងដែលទ្រង់គង់នៅ រួចនៅជាមួយនឹងទ្រង់ក្នុងថ្ងៃនោះ ពេលនោះប្រហែលជាម៉ោង៤ល្ងាចហើយ
40. ក្នុងអ្នក២នាក់ ដែលឮយ៉ូហានពោលនោះហើយក៏តាមទ្រង់ទៅ នោះមានម្នាក់ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស
41. មុនដំបូងគាត់រកស៊ីម៉ូន ជាបងបង្កើត ក៏ប្រាប់ថា យើងបានឃើញព្រះមែស្ស៊ីហើយ (គឺប្រែថាព្រះគ្រីស្ទ)
42. រួចគាត់នាំបងទៅឯព្រះយេស៊ូវ ឯទ្រង់ ក៏ទតមើលគាត់ ហើយមានព្រះបន្ទូលថា អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូណាស តែត្រូវហៅថា កេផាសវិញ (គឺប្រែថា ថ្ម)។
43. លុះដល់ស្អែកឡើង ព្រះយេស៊ូវសព្វព្រះហឫទ័យចង់យាងទៅឯស្រុកកាលីឡេ ទ្រង់ក៏រកភីលីព កាលបានឃើញហើយ នោះទ្រង់មានព្រះបន្ទូលទៅគាត់ថា ចូរតាមខ្ញុំមក
44. ឯភីលីពនេះ គាត់នៅបេតសៃដា ជាទីក្រុងរបស់អនទ្រេ និងពេត្រុស
45. ភីលីពក៏រកណាថាណែល រួចប្រាប់ថា យើងបានឃើញព្រះអង្គនោះហើយ គឺជាព្រះដែលលោកម៉ូសេបានចែងទុកពីទ្រង់ នៅក្នុងក្រឹត្យវិន័យ ហើយពួកហោរាក៏បានទាយពីទ្រង់ផង ទ្រង់ព្រះនាមជា យេស៊ូវ ជាបុត្រយ៉ូសែប នៅភូមិណាសារ៉ែត
46. តែណាថាណែលនិយាយថា តើមានអ្វីដ៏ល្អ អាចចេញពីណាសារ៉ែតមកបានឬទេ ភីលីពឆ្លើយឡើងថា ចូរតាមខ្ញុំទៅមើលចុះ
47. ព្រះយេស៊ូវ ទ្រង់ឃើញណាថាណែលមកឯទ្រង់ ក៏មានព្រះបន្ទូលពីគាត់ថា នុ៎ះន៍ ជាសាសន៍អ៊ីស្រាអែលពិតមែន ដែលឥតមានចិត្តឧបាយ