18. គ្មានអ្នកណាដែលឃើញព្រះឡើយ មានតែព្រះរាជបុត្រាតែ១ដែលគង់នៅក្នុងឱរាព្រះវរបិតាប៉ុណ្ណោះ ទ្រង់បានសំដែងឲ្យស្គាល់ព្រះអង្គ។
19. កាលពួកសាសន៍យូដាចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរយ៉ូហានថា តើលោកជាអ្នកណា នោះគាត់ធ្វើបន្ទាល់យ៉ាងនេះ
20. គឺគាត់ប្រាប់តាមត្រង់ ឥតមានលាក់អ្វីឡើយ ថា ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ
21. នោះគេសួរថា ចុះលោកជាអ្នកណា ជាលោកអេលីយ៉ាឬអី នោះគាត់ឆ្លើយថា ទេ
22. ដូច្នេះ គេសួរគាត់ទៀតថា តើលោកជាអ្នកណាទៅវិញ លោកនឹងមានប្រសាសន៍ពីខ្លួនលោកដូចម្តេច ដើម្បីឲ្យយើងរាល់គ្នាបាននាំពាក្យទៅ ជំរាបដល់លោក ដែលចាត់ឲ្យយើងខ្ញុំមកផង
23. នោះគាត់ក៏ប្រាប់ថា ខ្ញុំជាសំឡេង ដែលបន្លឺឡើងនៅទីរហោស្ថានថា «ចូរដំរង់ផ្លូវថ្វាយព្រះអម្ចាស់» ដូចជាហោរាអេសាយបានទាយទុក
24. ឯពួកអ្នកដែលបានចាត់មកនោះ គេជាពួកផារិស៊ី
25. គេក៏សួរគាត់ថា បើលោកមិនមែនជាព្រះគ្រីស្ទ ឬលោកអេលីយ៉ា ឬហោរានោះទេ ចុះហេតុអ្វីបានជាលោកធ្វើបុណ្យជ្រមុជទឹកដូច្នេះ
26. យ៉ូហានឆ្លើយថា ឯខ្ញុំៗ ធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែ នៅកណ្តាលពួកអ្នករាល់គ្នា នោះមានព្រះ១អង្គ ដែលអ្នករាល់គ្នាមិនស្គាល់