10. ទ្រង់បានគង់ក្នុងលោកីយ៍ ហើយលោកីយ៍ក៏កើតមកដោយសារទ្រង់ តែមិនស្គាល់ទ្រង់ទេ
11. ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ
12. ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ
13. គឺជាកូនដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ។
14. ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ និងសេចក្តីពិត
15. ឯយ៉ូហានបានធ្វើបន្ទាល់ពីទ្រង់ ដោយបន្លឺឧទានឡើងថា គឺពីព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់បានត្រឡប់ជាមុនខ្ញុំវិញ ដ្បិតទ្រង់គង់នៅមុនខ្ញុំ
16. ហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្តីពោរពេញរបស់ទ្រង់មក គឺជាព្រះគុណថែមលើព្រះគុណផង
17. ដ្បិតបណ្តាក្រឹត្យវិន័យទាំងប៉ុន្មាន បានប្រទានមក ដោយសារលោកម៉ូសេ តែឯព្រះគុណ និងសេចក្តីពិត នោះបានមក ដោយសារព្រះយេស៊ូវគ្រីស្ទវិញ