1. កាលដើមដំបូងមានព្រះបន្ទូលនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ
2. ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក
3. គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ
4. នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក
5. ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្តីងងឹត តែសេចក្តីងងឹតយល់មិនដល់ពន្លឺទេ។
6. មានម្នាក់ឈ្មោះយ៉ូហាន ដែលព្រះទ្រង់ចាត់ឲ្យមក
7. អ្នកនោះបានមកសំរាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់
8. គាត់មិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែនឹងធ្វើបន្ទាល់ពីពន្លឺតែប៉ុណ្ណោះ
9. ឯពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ៍
10. ទ្រង់បានគង់ក្នុងលោកីយ៍ ហើយលោកីយ៍ក៏កើតមកដោយសារទ្រង់ តែមិនស្គាល់ទ្រង់ទេ
11. ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ
12. ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ
13. គឺជាកូនដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ។