17. ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរ ទៅដល់ក្រុងទាំងប៉ុន្មានរបស់គេនៅថ្ងៃទី៣ រីឯទីក្រុងទាំងនោះ គឺគីបៀន១ កេភីរ៉ា១ ប្អៀរ៉ុត១ និងគារយ៉ាត់-យារីម១
18. តែមិនបានវាយគេទេ ដ្បិតពួកអ្នកដែលជាកំពូលលើពួកជំនុំ បានស្បថនឹងគេហើយ ដោយនូវព្រះនាមផងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះពួកជំនុំទាំងអស់គ្នាក៏រទូរទាំ ទាស់នឹងពួកអ្នក ដែលជាកំពូលនោះ
19. តែពួកនោះនិយាយទៅពួកជំនុំទាំងអស់ថា យើងបានស្បថនឹងគេ ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលហើយ ដូច្នេះយើងគ្មានច្បាប់នឹងពាល់គេឡើយ
20. ចូរយើងធ្វើដូច្នេះនឹងគេវិញ ទុកឲ្យគេនៅរស់ចុះ ខ្លាចក្រែងមានសេចក្ដីក្រោធមកលើយើងរាល់គ្នា ដោយព្រោះសម្បថរបស់យើង
21. រួចពួកអ្នកដែលជាកំពូលក៏និយាយទៀតថា ចូរឲ្យគេរស់នៅចុះ ដូច្នេះគេក៏ត្រឡប់ជាអ្នកកាប់ឱស ហើយរែកទឹក ដល់ពួកជំនុំទាំងអស់គ្នា ដូចជាពួកអ្នកដែលជាកំពូលបានប្រាប់ហើយ។
22. យ៉ូស្វេក៏ហៅគេមកសួរថា ហេតុអ្វីបានជាឯងរាល់គ្នាបានបញ្ឆោតយើងដូច្នេះ ដោយថា យើងខ្ញុំនៅឆ្ងាយពីលោកណាស់ តែឯងរាល់គ្នានៅជាមួយនឹងយើងវិញ
23. ដូច្នេះឯងរាល់គ្នាត្រូវបណ្តាសាឥឡូវ ពួកឯងរាល់គ្នានឹងមិនដែលរួចពីការជាបាវបំរើឡើយ គឺត្រូវកាប់ឧសហើយរែកទឹក សំរាប់ដំណាក់ព្រះនៃអញជានិច្ច
24. គេក៏ឆ្លើយតបថា គឺដោយព្រោះមានគេប្រាប់មកយើងខ្ញុំប្របាទជាប្រាកដថា ព្រះយេហូវ៉ា ជាព្រះនៃលោក ទ្រង់បានបង្គាប់មកលោកម៉ូសេ ជាអ្នកបំរើទ្រង់ ឲ្យចែកស្រុកនេះទាំងអស់ដល់លោករាល់គ្នា ហើយបំផ្លាញពួកអ្នកស្រុកនេះទាំងអស់ ពីមុខលោកចេញ ហេតុនោះបានជាយើងខ្ញុំបានប្រព្រឹត្តយ៉ាងដូច្នេះ ដោយនឹកភ័យខ្លាចនឹងជីវិតយើងខ្ញុំជាខ្លាំង ដោយព្រោះលោករាល់គ្នា
25. ឥឡូវនេះ មើលយើងខ្ញុំនៅក្នុងកណ្តាប់ដៃរបស់លោកហើយ សូមប្រព្រឹត្តនឹងយើងខ្ញុំតាមដែលលោកគិតថាស្រួល ហើយត្រឹមត្រូវចុះ
26. យ៉ូស្វេក៏ធ្វើដូច្នោះនឹងគេ ព្រមទាំងដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកកូនចៅអ៊ីស្រាអែល ដើម្បីមិនឲ្យគេត្រូវស្លាប់ឡើយ
27. នៅថ្ងៃនោះឯង យ៉ូស្វេបានដំរូវគេឲ្យធ្វើជាពួកអ្នកកាប់ឧស ហើយរែកទឹកដល់ពួកជំនុំ និងសំរាប់អាសនានៃព្រះយេហូវ៉ា នៅគ្រប់កន្លែងណាដែលទ្រង់សព្វព្រះហឫទ័យចង់រើស ដរាបដល់សព្វថ្ងៃនេះ។