14. នោះពួកអ៊ីស្រាអែលក៏ទទួលបរិភោគពីស្បៀងអាហារគេ ឥតទូលសួរដល់ព្រះយេហូវ៉ាឡើយ
15. ដូច្នេះយ៉ូស្វេក៏ព្រមចងជាស្ពានមេត្រីនឹងគេ ព្រមទាំងតាំងសញ្ញាឲ្យគេបាននៅរស់តទៅ ហើយពួកអ្នកដែលជាកំពូលលើពួកជំនុំ ក៏ស្បថនឹងគេដែរ។
16. លុះដល់ផុត៣ថ្ងៃក្រោយ ដែលបានតាំងសញ្ញានឹងគេមក នោះក៏ឮថា ពួកអ្នកនោះជាអ្នកជិតខាង ដែលនៅក្នុងស្រុកនោះវិញ
17. ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរ ទៅដល់ក្រុងទាំងប៉ុន្មានរបស់គេនៅថ្ងៃទី៣ រីឯទីក្រុងទាំងនោះ គឺគីបៀន១ កេភីរ៉ា១ ប្អៀរ៉ុត១ និងគារយ៉ាត់-យារីម១
18. តែមិនបានវាយគេទេ ដ្បិតពួកអ្នកដែលជាកំពូលលើពួកជំនុំ បានស្បថនឹងគេហើយ ដោយនូវព្រះនាមផងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះពួកជំនុំទាំងអស់គ្នាក៏រទូរទាំ ទាស់នឹងពួកអ្នក ដែលជាកំពូលនោះ
19. តែពួកនោះនិយាយទៅពួកជំនុំទាំងអស់ថា យើងបានស្បថនឹងគេ ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលហើយ ដូច្នេះយើងគ្មានច្បាប់នឹងពាល់គេឡើយ
20. ចូរយើងធ្វើដូច្នេះនឹងគេវិញ ទុកឲ្យគេនៅរស់ចុះ ខ្លាចក្រែងមានសេចក្ដីក្រោធមកលើយើងរាល់គ្នា ដោយព្រោះសម្បថរបស់យើង
21. រួចពួកអ្នកដែលជាកំពូលក៏និយាយទៀតថា ចូរឲ្យគេរស់នៅចុះ ដូច្នេះគេក៏ត្រឡប់ជាអ្នកកាប់ឱស ហើយរែកទឹក ដល់ពួកជំនុំទាំងអស់គ្នា ដូចជាពួកអ្នកដែលជាកំពូលបានប្រាប់ហើយ។
22. យ៉ូស្វេក៏ហៅគេមកសួរថា ហេតុអ្វីបានជាឯងរាល់គ្នាបានបញ្ឆោតយើងដូច្នេះ ដោយថា យើងខ្ញុំនៅឆ្ងាយពីលោកណាស់ តែឯងរាល់គ្នានៅជាមួយនឹងយើងវិញ
23. ដូច្នេះឯងរាល់គ្នាត្រូវបណ្តាសាឥឡូវ ពួកឯងរាល់គ្នានឹងមិនដែលរួចពីការជាបាវបំរើឡើយ គឺត្រូវកាប់ឧសហើយរែកទឹក សំរាប់ដំណាក់ព្រះនៃអញជានិច្ច