1. ឯពួកស្តេចទាំងប៉ុន្មាន ដែលនៅខាងលិចទន្លេយ័រដាន់ ក្នុងស្រុកភ្នំ និងស្រុកទំនាប ក្បែរសមុទ្រធំ ទល់មុខនឹងភ្នំល្បាណូន គឺជាស្តេចសាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស កាលបានឮ
2. នោះគេក៏ប្រមូលគ្នាទាំងអស់ ដើម្បីច្បាំងនឹងយ៉ូស្វេ ហើយនឹងសាសន៍អ៊ីស្រាអែល ដោយស្រុះចិត្តគ្នា។
3. តែឯពួកទីក្រុងគីបៀន កាលគេបានឮពីការដែលយ៉ូស្វេបានធ្វើដល់ក្រុងយេរីខូរ និងក្រុងអៃយ
4. នោះគេក៏ប្រព្រឹត្តដោយឧបាយកល ក្លែងខ្លួនធ្វើជារាជទូតចូលមកមានទាំងបាវចាស់ៗ ដាក់ផ្ទុកលើលាគេ និងថង់ស្បែកសំរាប់ស្រាទំពាំងបាយជូរ ជាថង់ស្បែកចាស់ហើយធ្លាយបានចងខ្ជឹបវិញផង
5. ក៏ពាក់ស្បែកជើងកញ្ចាស់ប៉ះយ៉ាងញឹក ហើយស្លៀកពាក់កញ្ចាស់ផង ឯនំបុ័ងដែលយកមកសំរាប់បរិភោគតាមផ្លូវ នោះសុទ្ធតែស្វិត ហើយដុះផ្សិតអស់រលីង
6. គេមកដល់យ៉ូស្វេក្នុងទីដំឡើងត្រសាល ត្រង់គីលកាល និយាយនឹងលោក ព្រមទាំងពួកអ៊ីស្រាអែលថា យើងខ្ញុំបានមកពីស្រុកឆ្ងាយ ដូច្នេះសូមលោកតាំងសេចក្ដីសញ្ញានឹងយើងខ្ញុំចុះ
7. តែពួកអ៊ីស្រាអែលឆ្លើយនឹងពួកសាសន៍ហេវីនោះថា ក្រែងអ្នករាល់គ្នានៅក្នុងស្រុកយើងនេះដែរទេដឹង ដូច្នេះធ្វើដូចម្តេចឲ្យយើងតាំងសញ្ញានឹងអ្នករាល់គ្នាបាន
8. នោះគេឆ្លើយតបទៅយ៉ូស្វេថា យើងខ្ញុំជាបាវបំរើលោកពិត តែយ៉ូស្វេសួរគេថា តើអ្នករាល់គ្នាជាសាសន៍ណា ហើយមកពីណា
9. គេក៏ជំរាបថា យើងខ្ញុំប្របាទបានមកពីស្រុកឆ្ងាយណាស់ ដោយព្រោះព្រះនាមព្រះយេហូវ៉ា ជាព្រះនៃលោក ដ្បិតយើងខ្ញុំបានឮល្បីព្រះនាមទ្រង់ និងពីអស់ទាំងការដែលទ្រង់បានធ្វើនៅស្រុកអេស៊ីព្ទហើយ
10. ព្រមទាំងការទាំងប៉ុន្មានដែលទ្រង់បានធ្វើដល់ស្តេចសាសន៍អាម៉ូរីទាំង២ នៅត្រើយទន្លេយ័រដាន់ខាងកើត គឺស៊ីហុនជាស្តេចក្រុងហែសបូន និងអុកជាស្តេចស្រុកបាសាន នៅទីក្រុងអាសថារ៉ូត
11. ដូច្នេះពួកចាស់ទុំ និងពួកអ្នកស្រុកយើងខ្ញុំទាំងអស់ គេបានប្រាប់យើងខ្ញុំថា ចូរយកស្បៀងអាហារជាប់នឹងខ្លួន សំរាប់តាមផ្លូវ ទៅជួបនឹងលោកជំរាបថា យើងខ្ញុំជាបាវបំរើលោកហើយ ដូច្នេះសូមតាំងសញ្ញានឹងយើងខ្ញុំចុះ