6. ដូច្នេះ គេនឹងចេញមកដេញតាមយើង ទាល់តែយើងបានទាញនាំគេឃ្លាតឆ្ងាយពីទីក្រុងទៅ គេនឹងគិតថា យើងរត់ពីមុខគេទៅ ដូចជាន់មុនទៀត ដោយយើងរត់ពីមុខគេទៅយ៉ាងនោះ
7. នោះត្រូវឲ្យឯងរាល់គ្នាក្រោកឡើង ពីកន្លែងដែលបង្កប់ខ្លួននោះ ចូលទៅចាប់យកទីក្រុងទៅ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ដៃឯង
8. រួចកាលណាឯងរាល់គ្នាយកបានទីក្រុងហើយ នោះត្រូវឲ្យបង្កាត់ភ្លើងដុតឡើង ត្រូវឲ្យឯងរាល់គ្នាធ្វើតាមព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ មើល អញបានបង្គាប់ឯងរាល់គ្នាហើយ
9. យ៉ូស្វេក៏ចាក់គេឲ្យទៅ ហើយគេនាំគ្នាទៅបង្កប់ខ្លួន នៅកណ្តាលទាំងសងខាងនៃបេត-អែល និងអៃយ គឺនៅខាងលិចក្រុងអៃយ តែលោកស្នាក់នៅកណ្តាលពួកជនក្នុងយប់នោះវិញ។
10. លុះថ្ងៃស្អែកឡើង កាលទើបនឹងភ្លឺស្រាងៗ នោះយ៉ូស្វេលោកត្រួតត្រាមើលបណ្តាទ័ព រួចលោក និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ក៏នាំមុខគេឡើងទៅឯក្រុងអៃយ
11. ឯពួកអ្នកថ្នឹកច្បាំងទាំងប៉ុន្មាន ដែលនៅជាមួយនឹងលោក ក៏ឡើងចូលទៅជិតពីខាងមុខទីក្រុង ហើយបោះទ័ពនៅជាខាងជើង មានវាលច្រកភ្នំនៅកណ្តាលគេ ហើយនឹងទីក្រុង
12. លោកបានរើសយកប្រហែលជា៥ពាន់នាក់ ចាត់ឲ្យទៅបង្កប់ខ្លួន នៅកណ្តាលទាំងសងខាងនៃបេត-អែល និងអៃយ ពីខាងលិចទីក្រុងនោះ
13. ដូច្នេះកាលបានចាត់ពួកបណ្តាទ័ពឲ្យទៅឯកន្លែងគេរៀងខ្លួន គឺពួកពលទ័ពដែលត្រូវនៅខាងជើងទីក្រុង និងពួកអ្នកដែលត្រូវបង្កប់ខ្លួន នៅខាងលិចរួចស្រេចហើយ នោះយ៉ូស្វេក៏នៅឯកណ្តាលវាលច្រកភ្នំ នៅវេលាយប់នោះឯង។
14. កាលស្តេចក្រុងអៃយបានឃើញដូច្នោះ នោះពួកក្រុងទាំងអស់គ្នា ក៏ប្រញាប់ប្រញាល់ក្រោកឡើងពីព្រលឹម ហើយស្តេច និងរាស្ត្រទាំងអស់ ក៏ចេញទៅឯកន្លែងដែលបានកំណត់ទុកជាមុន ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលត្រង់វាលនោះ ឥតដឹងជាមានពលបង្កប់ទាស់នឹងគេ នៅជាខាងក្រោយទីក្រុងទេ
15. ឯយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា គេធ្វើដូចជាចាញ់នៅមុខអ្នកទាំងនោះ ក៏នាំគ្នារត់ទៅតាមផ្លូវទីរហោស្ថានទៅ
16. លំដាប់នោះ មានគេហៅពួកបណ្តាជនដែលនៅក្នុងក្រុង ឲ្យប្រមូលមកមូលគ្នាដេញតាមដែរ រួចគេក៏ដេញតាមយ៉ូស្វេ ហើយត្រូវប្រទាញនាំទៅឃ្លាតឆ្ងាយពីទីក្រុង