24. កាលពួកអ៊ីស្រាអែលបានសំឡាប់ពួកក្រុងអៃយទាំងប៉ុន្មាន នៅវាលស្រែ និងនៅទីរហោស្ថាន ជាកន្លែងដែលបានដេញតាម ហើយគេបានដួលស្លាប់ ដោយមុខដាវទាំងអស់គ្នាជាស្រេចហើយ នោះពួកអ៊ីស្រាអែលទាំងប៉ុន្មាន ក៏ត្រឡប់ចូលទៅវាយទីក្រុងអៃយ ដោយមុខដាវដែរ
25. ឯពួកមនុស្ស ទាំងប្រុសទាំងស្រី ដែលដួលស្លាប់ នៅថ្ងៃនោះ មានចំនួនជា១ម៉ឺន២ពាន់នាក់ គឺជាពួកក្រុងអៃយទាំងអស់គ្នា
26. ដ្បិតយ៉ូស្វេមិនបានដកដៃ ដែលលើកលំពែងឡើងនោះមកវិញឡើយ ទាល់តែបានបំផ្លាញពួកក្រុងអៃយអស់រលីងទៅ
27. ពួកអ៊ីស្រាអែលបានយកតែហ្វូងសត្វ និងរបស់ទាំងប៉ុន្មាននៅក្រុងនោះ ទុកជារបឹបសំរាប់ខ្លួនប៉ុណ្ណោះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់មកយ៉ូស្វេ
28. ដូច្នេះយ៉ូស្វេបានដុតក្រុងអៃយ ធ្វើឲ្យទៅជាគំនរដរាបតទៅ គឺជាទីកន្លែងស្ងាត់ដរាបដល់សព្វថ្ងៃនេះ
29. ឯស្តេចនៃក្រុងអៃយនោះ លោកបានព្យួរនឹងដើមឈើទាល់តែល្ងាច រួចដល់ថ្ងៃលិច លោកបង្គាប់ឲ្យគេដាក់ខ្មោចចុះពីដើមឈើមក យកទៅបោះចោលនៅមាត់ទ្វារទីក្រុង ហើយក៏ប្រគរគំនរថ្មយ៉ាងធំនៅពីលើ ដែលនៅដរាបដល់សព្វថ្ងៃនេះ។
30. នៅគ្រានោះ យ៉ូស្វេលោកស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅលើភ្នំអេបាល
31. ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយដូចជាបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេដែរ គឺជាអាសនាដែលធ្វើពីដុំថ្មទាំងមូល ឥតមានអ្នកណាដាប់ដោយដែកឡើយ រួចគេក៏ថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា នៅលើអាសនានោះ ព្រមទាំងដង្វាយមេត្រីផង
32. នៅទីនោះ លោកចារឹកថ្មចម្លងក្រឹត្យវិន័យរបស់លោកម៉ូសេ ដែលលោកបានកត់ទុក នៅចំពោះមុខពួកកូនចៅអ៊ីស្រាអែល
33. នោះពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ទាំងពួកចាស់ទុំ និងពួកនាយក ហើយពួកចៅក្រម គេក៏ឈរទាំងសងខាងហឹប នៅមុខពួកលេវីដ៏ជាសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ទោះទាំងពួកអ្នកប្រទេសក្រៅ និងពួកអ្នកស្រុកផង ពួកគេ១ចំហៀងឈរខាងភ្នំកេរិស៊ីម ហើយ១ចំហៀងឈរខាងភ្នំអេបាល ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មកកាលពីមុន ដើម្បីឲ្យគេបានឲ្យពរដល់ពួកអ៊ីស្រាអែល
34. រួចមក លោកក៏អានមើលអស់ទាំងពាក្យនៃក្រឹត្យវិន័យ ទោះទាំងព្រះពរ និងសេចក្ដីបណ្តាសាទាំងប៉ុន្មានផង តាមគ្រប់ទាំងសេចក្ដីដែលបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យ
35. ក្នុងគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេបានបង្គាប់មកយ៉ូស្វេ នោះគ្មានពាក្យណាមួយដែលយ៉ូស្វេមិនបានអានមើល នៅមុខពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នានោះទេ ហើយក៏មានពួកស្រីៗ ពួកក្មេងៗ និងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងគេដែរ។