18. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា ចូរលើកលំពែងដែលកាន់នៅដៃ ដំរង់ទៅឯក្រុងអៃយទៅ ដ្បិតអញប្រគល់មកក្នុងកណ្តាប់ដៃឯងហើយ នោះយ៉ូស្វេក៏លើកលំពែងដែលកាន់នៅដៃឡើង ដំរង់ទៅឯទីក្រុងនោះ
19. កាលលោកលើកដៃឡើង នោះពួកទ័ពបង្កប់ក៏ស្ទុះចេញពីកន្លែងគេជាប្រញាប់ រត់ចូលទៅក្នុងទីក្រុងភ្លាម ក៏ចាប់យក ហើយប្រញាប់ប្រញាល់នឹងបង្កាត់ភ្លើងដុតឡើង
20. រួចកាលពួកក្រុងអៃយ បានងាកបែរមើលទៅក្រោយ ឃើញផ្សែងហុយឡើងពីទីក្រុង ទៅលើមេឃដូច្នោះ នោះគេគ្មានកំឡាំងនឹងរត់ទៅឲ្យរួច ទោះខាងនេះ ឬខាងនោះឡើយ ឯពួកអ៊ីស្រាអែលដែលកំពុងតែរត់ទៅឯទីរហោស្ថាន គេក៏វិលបែរមកទាស់នឹងពួកអ្នកដែលដេញតាមខ្លួនវិញ
21. ហើយយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា កាលឃើញថាពួកទ័ពបង្កប់បានយកទីក្រុង ហើយមានផ្សែងហុយឡើងដូច្នោះ នោះក៏វិលចូលមកសំឡាប់ពួកក្រុងអៃយវិញដែរ
22. ហើយពួកដែលដុតទីក្រុង ក៏ចេញមកទាស់នឹងគេទៀត ដូច្នេះគេក៏នៅជាកណ្តាលនៃសាសន៍អ៊ីស្រាអែល ដែលមានខ្លះនៅខាងណេះ ខ្លះនៅខាងណោះ ហើយក៏ផ្ទប់វាយគេ ទាល់តែគ្មានអ្នកណាមួយនៅសល់ឬរត់រួចបានឡើយ
23. ឯស្តេចក្រុងអៃយ នោះគេចាប់យកបានទាំងរស់ នាំទៅជូនដល់យ៉ូស្វេ។
24. កាលពួកអ៊ីស្រាអែលបានសំឡាប់ពួកក្រុងអៃយទាំងប៉ុន្មាន នៅវាលស្រែ និងនៅទីរហោស្ថាន ជាកន្លែងដែលបានដេញតាម ហើយគេបានដួលស្លាប់ ដោយមុខដាវទាំងអស់គ្នាជាស្រេចហើយ នោះពួកអ៊ីស្រាអែលទាំងប៉ុន្មាន ក៏ត្រឡប់ចូលទៅវាយទីក្រុងអៃយ ដោយមុខដាវដែរ
25. ឯពួកមនុស្ស ទាំងប្រុសទាំងស្រី ដែលដួលស្លាប់ នៅថ្ងៃនោះ មានចំនួនជា១ម៉ឺន២ពាន់នាក់ គឺជាពួកក្រុងអៃយទាំងអស់គ្នា
26. ដ្បិតយ៉ូស្វេមិនបានដកដៃ ដែលលើកលំពែងឡើងនោះមកវិញឡើយ ទាល់តែបានបំផ្លាញពួកក្រុងអៃយអស់រលីងទៅ
27. ពួកអ៊ីស្រាអែលបានយកតែហ្វូងសត្វ និងរបស់ទាំងប៉ុន្មាននៅក្រុងនោះ ទុកជារបឹបសំរាប់ខ្លួនប៉ុណ្ណោះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់មកយ៉ូស្វេ
28. ដូច្នេះយ៉ូស្វេបានដុតក្រុងអៃយ ធ្វើឲ្យទៅជាគំនរដរាបតទៅ គឺជាទីកន្លែងស្ងាត់ដរាបដល់សព្វថ្ងៃនេះ
29. ឯស្តេចនៃក្រុងអៃយនោះ លោកបានព្យួរនឹងដើមឈើទាល់តែល្ងាច រួចដល់ថ្ងៃលិច លោកបង្គាប់ឲ្យគេដាក់ខ្មោចចុះពីដើមឈើមក យកទៅបោះចោលនៅមាត់ទ្វារទីក្រុង ហើយក៏ប្រគរគំនរថ្មយ៉ាងធំនៅពីលើ ដែលនៅដរាបដល់សព្វថ្ងៃនេះ។
30. នៅគ្រានោះ យ៉ូស្វេលោកស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅលើភ្នំអេបាល