1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តដែរ ចូរក្រោកឡើង នាំយកពួកដែលថ្នឹកច្បាំងទាំងអស់ ទៅជាមួយនឹងឯង ឡើងទៅឯក្រុងអៃយចុះ មើល អញបានប្រគល់ស្តេចក្រុងអៃយ ព្រមទាំងពួករាស្ត្រ និងទីក្រុង ហើយនឹងស្រុករបស់ស្តេចនោះ មកក្នុងកណ្តាប់ដៃឯងហើយ
2. ដូច្នេះត្រូវឲ្យធ្វើនឹងក្រុងអៃយ ហើយនឹងស្តេចផង ដូចជាបានធ្វើនឹងយេរីខូរ ហើយនឹងស្តេចគេដែរ ចូរយកតែរបស់ទាំងប៉ុន្មាន និងហ្វូងសត្វ ទុកសំរាប់ជារបឹប ដល់ខ្លួនឯងរាល់គ្នាប៉ុណ្ណោះត្រូវឲ្យឯងបង្កប់ទ័ពនៅខាងក្រោយទីក្រុងវិញ។
3. ដូច្នេះយ៉ូស្វេ និងពួកដែលថ្នឹកច្បាំងទាំងអស់គ្នា ក៏ប្រុងប្រៀបរៀបនឹងឡើងទៅឯក្រុងអៃយ លោករើសយកសុទ្ធតែមនុស្សខ្លាំងពូកែស្ទាត់ជំនាញ បានចំនួន៣ម៉ឺននាក់ ចាត់គេទៅទាំងយប់
4. ដោយបង្គាប់ថា ត្រូវឲ្យឯងរាល់គ្នាទៅបង្កប់ខ្លួន នៅខាងក្រោយទីក្រុង កុំឲ្យនៅឆ្ងាយពីទីក្រុងពេកឡើយ ត្រូវឲ្យប្រុងប្រៀបជាស្រេចទាំងអស់គ្នា
5. ឯអញ និងពួកមនុស្សទាំងប៉ុន្មានដែលនៅជាមួយ យើងនឹងចូលទៅជិតទីក្រុង រួចកាលណាគេចេញមក តនឹងយើងដូចជាជាន់មុន នោះយើង និងរត់ពីមុខគេចេញទៀត
6. ដូច្នេះ គេនឹងចេញមកដេញតាមយើង ទាល់តែយើងបានទាញនាំគេឃ្លាតឆ្ងាយពីទីក្រុងទៅ គេនឹងគិតថា យើងរត់ពីមុខគេទៅ ដូចជាន់មុនទៀត ដោយយើងរត់ពីមុខគេទៅយ៉ាងនោះ
7. នោះត្រូវឲ្យឯងរាល់គ្នាក្រោកឡើង ពីកន្លែងដែលបង្កប់ខ្លួននោះ ចូលទៅចាប់យកទីក្រុងទៅ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ដៃឯង
8. រួចកាលណាឯងរាល់គ្នាយកបានទីក្រុងហើយ នោះត្រូវឲ្យបង្កាត់ភ្លើងដុតឡើង ត្រូវឲ្យឯងរាល់គ្នាធ្វើតាមព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ មើល អញបានបង្គាប់ឯងរាល់គ្នាហើយ
9. យ៉ូស្វេក៏ចាក់គេឲ្យទៅ ហើយគេនាំគ្នាទៅបង្កប់ខ្លួន នៅកណ្តាលទាំងសងខាងនៃបេត-អែល និងអៃយ គឺនៅខាងលិចក្រុងអៃយ តែលោកស្នាក់នៅកណ្តាលពួកជនក្នុងយប់នោះវិញ។
10. លុះថ្ងៃស្អែកឡើង កាលទើបនឹងភ្លឺស្រាងៗ នោះយ៉ូស្វេលោកត្រួតត្រាមើលបណ្តាទ័ព រួចលោក និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ក៏នាំមុខគេឡើងទៅឯក្រុងអៃយ