11. ពួកអ៊ីស្រាអែលបានធ្វើបាប គេបានប្រព្រឹត្តរំលងសេចក្ដីសញ្ញាអញ ដែលបានបង្គាប់ដល់គេហើយ គេបានទាំងយករបស់ ដែលញែកទុកសំរាប់នឹងបំផ្លាញទៅ គឺគេបានលួច ហើយក៏កុហកដែរ ព្រមទាំងយករបស់នោះ ទៅទុកជាមួយនឹងអីវ៉ាន់របស់គេផង
12. ដោយហេតុនោះ បានជាពួកកូនចៅអ៊ីស្រាអែល ពុំអាចនឹងឈរនៅមុខពួកខ្មាំងសត្រូវគេបានឡើយ ដែលគេបែរខ្នងនៅមុខពួកខ្មាំងសត្រូវ នោះគឺពីព្រោះគេបានត្រឡប់ទៅជាត្រូវបំផ្លាញដែរ បើឯងរាល់គ្នាមិនបំផ្លាញរបស់ ដែលសំរាប់បំផ្លាញពីពួកឯងចេញទេ នោះអញមិននៅជាមួយនឹងឯងរាល់គ្នាទៀតឡើយ
13. ចូរក្រោកឡើងញែកពួកជនចេញជាបរិសុទ្ធចុះ ហើយប្រាប់គេថា ចូរឲ្យឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ឲ្យទាន់ពេលថ្ងៃស្អែក ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ពួកអ៊ីស្រាអែលអើយ មានរបស់ដែលសំរាប់បំផ្លាញនៅក្នុងពួកឯង ហើយឯងពុំអាចនឹងឈរនៅមុខពួកខ្មាំងសត្រូវបានឡើយ ទាល់តែបានដករបស់ដែលសំរាប់បំផ្លាញនោះ ពីពួកឯងចេញ
14. ដូច្នេះដល់ព្រឹកឡើង ត្រូវឲ្យឯងរាល់គ្នាចូលមកតាមពូជអំបូររបស់ឯង នោះពូជអំបូរណា ដែលព្រះយេហូវ៉ាទ្រង់រើសយក នឹងត្រូវមកតាមគ្រួគេ ហើយគ្រួណាដែលព្រះយេហូវ៉ាទ្រង់រើសយក នោះត្រូវមកតាមពួកគេ ហើយពួកណាដែលព្រះយេហូវ៉ាទ្រង់រើសយក នោះត្រូវមកម្នាក់ម្តងៗ
15. ឯអ្នកណាដែលត្រូវចាប់ ដោយព្រោះបានយករបស់ដែលសំរាប់បំផ្លាញ នោះនឹងត្រូវដុតទៅក្នុងភ្លើង ព្រមទាំងសព្វសារពើរបស់អ្នកនោះផង ពីព្រោះបានប្រព្រឹត្តរំលងនឹងសេចក្ដីសញ្ញានៃព្រះយេហូវ៉ា ហើយបានធ្វើការចំកួតក្នុងពួកអ៊ីស្រាអែល។
16. យ៉ូស្វេក៏ក្រោកពីព្រលឹម នាំពួកអ៊ីស្រាអែលមកតាមពូជអំបូរគេ នោះក៏ជាប់ខាងពូជអំបូរយូដា
17. រួចលោកឲ្យគ្រួយូដាទាំងប៉ុន្មានចូលមក ហើយលោកចាប់យកគ្រួសេរ៉ាស លោកក៏ឲ្យគ្រួសេរ៉ាសចូលមកម្នាក់ម្តងៗ នោះជាប់សាប់ឌី
18. ហើយលោកឲ្យពួកសាប់ឌីចូលមកម្នាក់ម្តងៗ នោះជាប់អេកានជាកូនកើមី ដែលកើមីជាកូនសាប់ឌីៗជាកូនសេរ៉ាស ក្នុងពូជអំបូរយូដា
19. យ៉ូស្វេក៏និយាយនឹងអេកានថា កូនអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយលន់តួនឹងទ្រង់ទៅ ចូរប្រាប់អញពីការដែលឯងបានធ្វើ កុំឲ្យលាក់នឹងអញឡើង
20. នោះអេកានក៏ឆ្លើយជំរាបយ៉ូស្វេថា ខ្ញុំបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលពិតមែន គឺខ្ញុំបានធ្វើការយ៉ាងនេះមួយៗ
21. ដ្បិតខ្ញុំបានឃើញអាវ១យ៉ាងល្អពីស្រុកស៊ីណើរ និងប្រាក់២រយរៀល ហើយមាស១ដុល ទំងន់៥០ដំឡឹងនៅក្នុងរបឹប នោះខ្ញុំកើតមានចិត្តលោភចង់បាន រួចក៏យកទៅ មើល របស់ទាំងនោះបានកប់នៅក្នុងដី នាកណ្តាលត្រសាលរបស់ខ្ញុំ ឯប្រាក់នៅជាខាងក្រោម។