1. ប៉ុន្តែពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តរំលងចំពោះរបស់ដែលសំរាប់បំផ្លាញវិញ ដ្បិតមានអេកានជាកូនកើមី ដែលកើមីជាកូនសាប់ឌីៗជាកូនសេរ៉ាស ក្នុងពូជអំបូរយូដា គាត់បានយករបស់ខ្លះដែលត្រូវបំផ្លាញ ហើយសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាក៏ឆួលឡើង ទាស់នឹងពួកកូនចៅអ៊ីស្រាអែល។
2. ឯយ៉ូស្វេលោកចាត់មនុស្សពីក្រុងយេរីខូរ ទៅឯក្រុងអៃយ ដែលនៅជិតបេត-អាវេន នៅខាងកើតបេត-អែល ដោយពាក្យថា ចូរឡើងទៅសង្កេតមើលស្រុកនោះ គេក៏ឡើងទៅសង្កេតមើលក្រុងអៃយ
3. រួចត្រឡប់មកឯយ៉ូស្វេជំរាបថា មិនចាំបាច់ឲ្យឡើងទៅទាំងអស់គ្នាទេ សូមឡើងទៅតែមនុស្ស២ឬ៣ពាន់នាក់ប៉ុណ្ណោះ ដើម្បីនឹងវាយក្រុងអៃយនោះបានហើយ សូមកុំឲ្យបង់កំឡាំងទាំងអស់គ្នានឹងឡើងទៅឡើយ ដ្បិតគេមានគ្នាតិចទេ
4. ដូច្នេះក៏មានប្រហែលជា៣ពាន់នាក់នាំគ្នាឡើងទៅ តែគេត្រូវរត់ពីមុខពួកក្រុងអៃយវិញ
5. ហើយពួកក្រុងអៃយក៏សំឡាប់អស់ប្រហែលជា៣៦នាក់ គេដេញពួកអ៊ីស្រាអែលពីមុខទ្វារក្រុងទៅ រហូតដល់សេបារិម ទាំងប្រហារអ្នកទាំងនោះនៅត្រង់ផ្លូវចុះ ដូច្នេះពួកជនទាំងឡាយ ក៏មានចិត្តរលាយទៅដូចជាទឹក។
6. ឯយ៉ូស្វេលោកហែកសំលៀកបំពាក់ ហើយទំលាក់ខ្លួនក្រាបផ្កាប់មុខនឹងដីនៅចំពោះហឹបនៃព្រះយេហូវ៉ា ទាល់តែល្ងាច ព្រមទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលផង គេក៏ដាក់ធូលីដីនៅលើក្បាលរៀងខ្លួនដែរ
7. រួចយ៉ូស្វេទូលថា ដល់ហើយ ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ ហេតុអ្វីបានជាទ្រង់បាននាំពួកបណ្តាជននេះ ឆ្លងទន្លេយ័រដាន់មក ដើម្បីនឹងប្រគល់យើងរាល់គ្នា ទៅក្នុងកណ្តាប់ដៃសាសន៍អាម៉ូរី ឲ្យត្រូវវិនាសដូច្នេះ គួរតែឲ្យយើងរាល់គ្នាបានសុខចិត្ត នៅខាងនាយទន្លេយ័រដាន់វិញជាជាង
8. ឱព្រះអម្ចាស់អើយ ដែលពួកអ៊ីស្រាអែលបែរខ្នងរត់នៅមុខពួកខ្មាំងសត្រូវយ៉ាងនេះ តើត្រូវឲ្យទូលបង្គំថាដូចម្តេចវិញ
9. ដ្បិតពួកសាសន៍កាណាន និងមនុស្សនៅស្រុកនេះទាំងប៉ុន្មាន គេនឹងឮ ហើយនឹងព័ទ្ធយើងរាល់គ្នាជុំវិញ រួចគេនឹងកាត់ឈ្មោះយើងរាល់គ្នាពីផែនដីចេញ នោះតើទ្រង់នឹងធ្វើដូចម្តេច សំរាប់ព្រះនាមទ្រង់ដ៏ជាធំ។
10. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយនឹងយ៉ូស្វេថា ចូរក្រោកឡើង ម្តេចក៏ទំលាក់ខ្លួនក្រាបផ្កាប់មុខដូច្នេះ