9. ឯពួកដែលកាន់គ្រឿងសស្ត្រាវុធ គេដើរខាងមុខពួកសង្ឃដែលផ្លុំត្រែ ក៏មានពួកអ្នកដើរខាងក្រោយហឹបដែរ ពួកសង្ឃដើរទៅទាំងផ្លុំត្រែបណ្តើរ
10. ឯយ៉ូស្វេក៏បង្គាប់បណ្តាជនថា មិនត្រូវឲ្យឯងរាល់គ្នាស្រែកឡើង ឬឲ្យមានឮសំឡេងឡើយ ក៏មិនត្រូវមានពាក្យណាមួយចេញពីមាត់ឯងដែរ ដរាបដល់ថ្ងៃ ដែលអញប្រាប់ឲ្យស្រែកឡើង នោះទើបត្រូវឲ្យឯងស្រែកចុះ
11. ដូច្នេះហឹបនៃព្រះយេហូវ៉ា ក៏បានព័ទ្ធជុំវិញទីក្រុងអស់១ជុំ រួចគេត្រឡប់ចូលមកក្នុងទីដំឡើងត្រសាលវិញ ហើយឈប់នៅទីនោះ។
12. ឯយ៉ូស្វេលោកក្រោកឡើងពីព្រលឹម ហើយពួកសង្ឃក៏នាំគ្នាសែងហឹបនៃព្រះយេហូវ៉ា
13. មានទាំងពួកសង្ឃ៧រូបនោះ កាន់ត្រែស្នែងចៀម៧ ដើរនាំមុខហឹបនៃព្រះយេហូវ៉ា ទាំងផ្លុំត្រែបណ្តើរផង ឯពួកកាន់គ្រឿងសស្ត្រាវុធ គេក៏ដើរពីខាងមុខ ហើយមានពួកអ្នកខាងក្រោយ ដើរតាមហឹបនៃព្រះយេហូវ៉ាដែរ ពួកសង្ឃក៏ដើរទៅទាំងផ្លុំត្រែបណ្តើរ
14. ថ្ងៃទី២នោះ គេដើរជុំវិញទីក្រុង១ជុំ រួចក៏ត្រឡប់មកក្នុងទីដំឡើងត្រសាលវិញ គេធ្វើយ៉ាងដូច្នេះអស់៦ថ្ងៃ។
15. លុះដល់ថ្ងៃទី៧ គេក្រោកឡើងពីព្រលឹម កាលទើបនឹងភ្លឺស្រាង នោះក៏ដើរព័ទ្ធជុំវិញទីក្រុងបែបដដែលអស់៧ជុំ ថ្ងៃនោះខុសពីថ្ងៃមុនតែប៉ុណ្ណេះ គឺគេដើរព័ទ្ធទីក្រុងអស់៧ដងវិញ
16. លុះបានគ្រប់៧ជុំហើយ កាលពួកសង្ឃបានផ្លុំត្រែ នោះយ៉ូស្វេក៏ប្រាប់ដល់ពួកជនថា ចូរស្រែកឡើង ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់ទីក្រុងនេះមកឯងរាល់គ្នាហើយ
17. ឯទីក្រុងនេះ ជាទីក្រុងសំរាប់តែបំផ្លាញអស់រលីងថ្វាយព្រះយេហូវ៉ា ហើយនឹងគ្រប់ទាំងអស់ ដែលនៅក្នុងក្រុងនេះផង រស់នៅបានតែនាងរ៉ាហាបជាស្រីសំផឹង១ និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនឹងនាងប៉ុណ្ណោះ ពីព្រោះនាងបាននាំអ្នក២នាក់ ដែលយើងបានចាត់មក ទៅលាក់បំពួនទុក
18. ឯឯងរាល់គ្នា ត្រូវប្រយ័ត្នតែនឹងរបស់ដែលសំរាប់បំផ្លាញ ក្រែងកាលណាឯងញែករបស់ណា ទុកសំរាប់នឹងបំផ្លាញ នោះបែរទៅជាយករបស់ណាមួយនោះចេញវិញ ហើយដូច្នេះនឹងនាំឲ្យពួកអ៊ីស្រាអែលត្រូវបំផ្លាញទាំងអស់គ្នាដែរ ព្រមទាំងមានសេចក្ដីវឹកវរផង