4. ត្រូវឲ្យមានសង្ឃ៧រូប កាន់ត្រែស្នែងចៀមដើរនាំមុខហឹប រួចដល់ថ្ងៃទី៧ នោះត្រូវឲ្យដើរព័ទ្ធទីក្រុងអស់៧ជុំថែមទៀត ហើយពួកសង្ឃត្រូវផ្លុំត្រែឡើង
5. កាលណាគេផ្លុំស្នែងចៀម មានសំឡេងយ៉ាងវែង ឮដល់ឯងរាល់គ្នា នោះទាំងអស់គ្នាត្រូវស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ដូច្នេះ កំផែងទីក្រុងនឹងរលំដួលទៅ រួចត្រូវឲ្យបណ្តាជនទាំងអស់ឡើងចំទៅមុខរៀងខ្លួន
6. យ៉ូស្វេជាកូននុនក៏ហៅពួកសង្ឃមកប្រាប់ថា ចូរយកហឹបនៃសេចក្ដីសញ្ញា ហើយឲ្យមានសង្ឃ៧រូបកាន់ត្រែស្នែងចៀម ដើរនាំមុខហឹបនៃព្រះយេហូវ៉ាទៅ
7. លោកក៏បង្គាប់ដល់ពួកបណ្តាជនថា ចូរនាំគ្នាដើរព័ទ្ធជុំវិញទីក្រុងទៅ ឯអស់ពួកអ្នកដែលមានគ្រឿងសស្ត្រាវុធ នោះត្រូវដើរនាំមុខហឹបនៃព្រះយេហូវ៉ា។
8. លុះកាលយ៉ូស្វេបានប្រាប់ដល់ពួកជនរួចអស់ហើយ នោះសង្ឃទាំង៧ ដែលកាន់ត្រែស្នែងចៀមទាំង៧ នៅចំពោះព្រះយេហូវ៉ា ក៏ដើរទៅទាំងផ្លុំបណ្តើរ រួចហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាក៏តាមគេទៅ
9. ឯពួកដែលកាន់គ្រឿងសស្ត្រាវុធ គេដើរខាងមុខពួកសង្ឃដែលផ្លុំត្រែ ក៏មានពួកអ្នកដើរខាងក្រោយហឹបដែរ ពួកសង្ឃដើរទៅទាំងផ្លុំត្រែបណ្តើរ
10. ឯយ៉ូស្វេក៏បង្គាប់បណ្តាជនថា មិនត្រូវឲ្យឯងរាល់គ្នាស្រែកឡើង ឬឲ្យមានឮសំឡេងឡើយ ក៏មិនត្រូវមានពាក្យណាមួយចេញពីមាត់ឯងដែរ ដរាបដល់ថ្ងៃ ដែលអញប្រាប់ឲ្យស្រែកឡើង នោះទើបត្រូវឲ្យឯងស្រែកចុះ
11. ដូច្នេះហឹបនៃព្រះយេហូវ៉ា ក៏បានព័ទ្ធជុំវិញទីក្រុងអស់១ជុំ រួចគេត្រឡប់ចូលមកក្នុងទីដំឡើងត្រសាលវិញ ហើយឈប់នៅទីនោះ។