22. យ៉ូស្វេក៏ប្រាប់ដល់មនុស្ស២នាក់ ដែលបានចូលទៅសង្កេតមើលស្រុកនោះថា ចូរឲ្យឯងចូលទៅក្នុងផ្ទះស្រីសំផឹងនោះ ហើយនាំនាង និងរបស់នាងទាំងប៉ុន្មានចេញមកក្រៅ ដូចជាឯងបានស្បថនឹងនាងហើយ
23. ឯមនុស្សកំឡោះ២នាក់ ដែលបានចូលទៅសង្កេតមើលស្រុក ក៏ចូលទៅនាំនាងរ៉ាហាប ទាំងឪពុកម្តាយនាង និងបងប្អូន ហើយនឹងរបស់នាងទាំងប៉ុន្មានចេញមក ព្រមទាំងញាតិសន្តានរបស់នាងទាំងប៉ុន្មានផង ដាក់គេឲ្យនៅជាខាងក្រៅទីដំឡើងត្រសាល នៃពួកអ៊ីស្រាអែល
24. រួចក៏ឆួលដុតទីក្រុងនោះ និងរបស់នៅទីនោះទាំងអស់ទៅ បានទុកនៅតែប្រាក់ និងមាសទាំងប៉ុន្មាន ព្រមទាំងប្រដាប់លង្ហិន ហើយនឹងដែកប៉ុណ្ណោះ ដែលគេយកទៅដាក់ក្នុងឃ្លាំង នៃដំណាក់ព្រះយេហូវ៉ា
25. តែឯរ៉ាហាបជាស្រីសំផឹង និងពួកគ្រួឪពុកនាង ហើយរបស់នាងទាំងប៉ុន្មាន នោះយ៉ូស្វេលោកបានទុកឲ្យគង់នៅវិញ ហើយនាងក៏នៅក្នុងពួកអ៊ីស្រាអែលជាដរាបដល់សព្វថ្ងៃនេះ ដោយព្រោះនាងបានលាក់បំពួនពួកអ្នក ដែលយ៉ូស្វេបានចាត់ទៅសង្កេតមើលក្រុងយេរីខូរនោះ។
26. នៅគ្រានោះ យ៉ូស្វេក៏ប្រកាស ជាពាក្យបណ្តាសាថា អ្នកណាដែលចាប់ផ្តើមសង់ក្រុងយេរីខូរនេះឡើងវិញ នោះនឹងត្រូវបណ្តាសាហើយ កាលណាអ្នកនោះដាក់ឫសកំផែង នោះកូនច្បងរបស់ខ្លួននឹងស្លាប់ទៅ ហើយកាលណាដាក់ទ្វារចុះ នោះកូនពៅនឹងស្លាប់ទៅ។
27. ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូស្វេ ហើយក៏ល្បីឮឈ្មោះលោកសុសសាយ ពេញគ្រប់ក្នុងស្រុកនោះ។