2. នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់យ៉ូស្វេថា ចូរយកថ្មធ្វើជាកាំបិត រួចកាត់ស្បែកពួកកូនចៅអ៊ីស្រាអែល១លើកទៀត
3. នោះយ៉ូស្វេក៏ធ្វើកាំបិតពីថ្ម ហើយកាត់ស្បែករបស់ពួកកូនចៅអ៊ីស្រាអែល នៅត្រង់ភ្នំហារ៉ាឡុត
4. យ៉ូស្វេបានកាត់ស្បែកគេ ដោយព្រោះហេតុនេះ គឺមនុស្សប្រុសៗជាអ្នកថ្នឹកច្បាំងទាំងប៉ុន្មាន ដែលចេញពីស្រុកអេស៊ីព្ទមក គេបានស្លាប់តាមផ្លូវនៅទីរហោស្ថានក្នុងពេលក្រោយដែលបានចេញមកពីស្រុកអេស៊ីព្ទ
5. ដ្បិតប្រុសៗទាំងអស់ដែលចេញមក គេបានកាត់ស្បែកគ្រប់គ្នាហើយ តែពួកទាំងប៉ុន្មានដែលកើតតាមផ្លូវ នៅទីរហោស្ថាន ក្រោយដែលបានចេញពីស្រុកអេស៊ីព្ទមក នោះមិនទាន់បានកាត់ស្បែកនៅឡើយ
6. ពួកកូនចៅអ៊ីស្រាអែលបានដើរក្នុងទីរហោស្ថានអស់៤០ឆ្នាំ ទាល់តែពួកគេគ្រប់គ្នា គឺជាពួកមនុស្សថ្នឹកច្បាំង ដែលចេញពីស្រុកអេស៊ីព្ទមក បានស្លាប់បាត់អស់ទៅ ពីព្រោះគេមិនបានស្តាប់តាមព្រះបន្ទូល នៃព្រះយេហូវ៉ា ហើយទ្រង់បានស្បថថា មិនឲ្យគេឃើញស្រុក ដែលទ្រង់បានស្បថនឹងពួកអយ្យកោគេថានឹងឲ្យមកយើងរាល់គ្នាឡើយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ
7. គឺជាពួកកូនចៅរបស់អ្នកទាំងនោះឯង ដែលទ្រង់បានបង្កើតឡើងជំនួសគេ ហើយយ៉ូស្វេបានកាត់ស្បែកឲ្យ ដ្បិតគេមិនទាន់កាត់ស្បែកនៅឡើយ ពីព្រោះមិនបានកាត់ស្បែកអ្នកណាតាមផ្លូវសោះ
8. ដូច្នេះ កាលគេបានកាត់ស្បែកប្រុសៗទាំងអស់រួចហើយ នោះក៏នៅនឹងកន្លែងគេ ក្នុងទីដំឡើងត្រសាលនោះដរាបដល់សះជា
9. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា នៅថ្ងៃនេះ អញបានប្រមៀលសេចក្ដីដំនៀលរបស់ស្រុកអេស៊ីព្ទពីឯងចេញ គឺហេតុនោះ បានជាគេហៅឈ្មោះកន្លែងនោះថា គីលកាល ដរាបដល់សព្វថ្ងៃនេះ។
10. ពួកកូនចៅអ៊ីស្រាអែល គេដំឡើងត្រសាលនៅត្រង់គីលកាលនោះ ហើយនាំគ្នាធ្វើបុណ្យរំលងនៅល្ងាចថ្ងៃ១៤ខែនោះ ត្រង់វាលក្រុងយេរីខូរ
11. ក្រោយថ្ងៃបុណ្យរំលងមក នៅថ្ងៃនោះឯង គេក៏បរិភោគផលរបស់ស្រុកនោះ គឺជានំឥតដំបែ និងគ្រាប់លីង
12. រួចក្រោយដែលគេបរិភោគផលរបស់ស្រុកនោះ ដល់ថ្ងៃស្អែកឡើង លែងមាននំម៉ាន៉ាហើយ ពួកកូនចៅអ៊ីស្រាអែលមិនដែលមាននំម៉ាន៉ាទៀតឡើយ គឺក្នុងឆ្នាំនោះឯង គេបានបរិភោគផលរបស់ស្រុកកាណានវិញ។