10. ឯពួកសង្ឃ ជាអ្នកសែងហឹប គេឈរនៅកណ្តាលទន្លេយ័រដាន់នោះ ដរាបដល់គ្រប់ការ ដែលព្រះយេហូវ៉ាបានបង្គាប់ដល់យ៉ូស្វេ ឲ្យប្រាប់ដល់បណ្តាជនបានសំរេច ជាការដែលត្រូវនឹងគ្រប់ទាំងសេចក្ដី ដែលលោកម៉ូសេបានបង្គាប់មកយ៉ូស្វេដែរ ឯពួកជនទាំងឡាយ គេក៏នាំគ្នាឆ្លងទៅដោយប្រញាប់ប្រញាល់
11. កាលពួកជនបានឆ្លងទៅផុតហើយ នោះហឹបនៃព្រះយេហូវ៉ា និងពួកសង្ឃ ក៏ឆ្លងទៅនៅចំពោះមុខគេ
12. ឯពួកកូនចៅរូបេន និងពួកកូនចៅកាឌ់ ហើយពូជអំបូរម៉ាន៉ាសេ១ចំហៀង ក៏ឆ្លងទៅនៅមុខពួកកូនចៅអ៊ីស្រាអែល ទាំងមានគ្រឿងសស្ត្រាវុធពាក់ស្រាប់ ដូចជាម៉ូសេបានប្រាប់
13. គឺមានចំនួនប្រហែលជា៤ម៉ឺននាក់ ដែលសុទ្ធតែពាក់គ្រឿងសស្ត្រាវុធរៀបចំនឹងច្បាំង គេឆ្លងនៅចំពោះព្រះយេហូវ៉ា ទៅដល់វាលក្រុងយេរីខូរ
14. នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់បានលើកដំកើងយ៉ូស្វេ នៅចំពោះភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់គ្នា ហើយគេក៏កោតខ្លាចដល់លោក ដូចជាបានកោតខ្លាចដល់លោកម៉ូសេដែរ នៅអស់១ជីវិតរបស់លោក។
15. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា
16. ចូរបង្គាប់ដល់ពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីបន្ទាល់ ឲ្យឡើងពីទន្លេយ័រដាន់មក
17. នោះយ៉ូស្វេក៏បង្គាប់ដល់ពួកសង្ឃថា ចូរនាំគ្នាឡើងមក
18. កាលពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា បានឡើងពីកណ្តាលទន្លេយ័រដាន់មក ដាក់បាតជើងជាន់នៅលើដីគោកហើយ នោះទឹកទន្លេយ័រដាន់ ក៏ហូរទំលាក់មកតាមកន្លែងធម្មតាវិញ ព្រមទាំងលិចមាត់ច្រាំងទាំងអស់ ដូចពីកាលមុន។
19. រីឯកាលពួកបណ្តាជនបានឡើងពីទន្លេយ័រដាន់មក នោះគឺជាថ្ងៃ១០ខែចេត្រ គេក៏ដំឡើងត្រសាលនៅត្រង់គីលកាល ក្បែរព្រំក្រុងយេរីខូរខាងកើត
20. ចំណែកថ្មទាំង១២ដុំនោះ ដែលគេបានចេញពីកណ្តាលទន្លេយ័រដាន់ នោះយ៉ូស្វេក៏នាំយកចេញមកដាក់បង្គរត្រង់គីលកាល
21. រួចលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាដល់ថ្ងៃក្រោយ កូនចៅឯងរាល់គ្នាសួរឪពុកថា តើថ្មទាំងនេះមានន័យដូចម្តេច
22. នោះត្រូវប្រាប់ឲ្យដឹងថា គឺពួកអ៊ីស្រាអែលយើង បានឆ្លងទន្លេយ័រដាន់នេះ នៅដីស្ងួត
23. ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃយើង ទ្រង់បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងទៅ នៅមុខយើង ទាល់តែបានឆ្លងផុតមក ដូចជាព្រះយេហូវ៉ា ជាព្រះនៃយើង ទាល់ទ្រង់បានធ្វើឲ្យសមុទ្រក្រហម រីងទៅ នៅមុខយើង ទាល់តែបានឆ្លងផុតមកដែរ