1. ឯយ៉ូស្វេលោកក្រោកពីព្រលឹម ហើយពួកកូនចៅអ៊ីស្រាអែលទាំងអស់ ក៏នាំគ្នាចេញពីស៊ីទីម ទៅដល់ទន្លេយ័រដាន់ ក៏ស្នាក់នៅទីនោះសិនមុនដែលឆ្លងទៅ
2. រួចក្រោយ៣ថ្ងៃមក ពួកនាយកក៏ដើរកាត់កណ្តាលទីដំឡើងត្រសាល បង្គាប់ដល់បណ្តាជនថា
3. កាលណាឯងរាល់គ្នាឃើញហឹប នៃសេចក្ដីសញ្ញា ផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលពួកលេវីដ៏ជាសង្ឃសែងទៅ នោះត្រូវឲ្យឯងរាល់គ្នាចេញ ពីទីកន្លែងរបស់ឯង ដើរទៅតាម
4. តែត្រូវដើរឃ្លាតពីហឹបនោះ ចំនួនប្រហែលជា២ពាន់ហត្ថ កុំឲ្យចូលទៅជិតឡើយ ដើម្បីឲ្យឯងបានស្គាល់ផ្លូវ ដែលត្រូវដើរ ដ្បិតតាំងតែពីមុនមក ឯងរាល់គ្នាមិនដែលដើរតាមផ្លូវនេះទេ
5. យ៉ូស្វេក៏ប្រាប់បណ្តាជនថា ចូរឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធចុះ ពីព្រោះថ្ងៃស្អែក ព្រះយេហូវ៉ាទ្រង់នឹងធ្វើការអស្ចារ្យនៅក្នុងពួកឯង
6. រួចលោកប្រាប់ដល់ពួកសង្ឃថា ចូរលើកយកហឹបនៃសេចក្ដីសញ្ញានាំទៅឯមុខបណ្តាជនទៅ នោះគេក៏លើកយកហឹបនៃសេចក្ដីសញ្ញាសែងនាំមុខបណ្តាជនទៅ។
7. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា នៅថ្ងៃនេះ អញនឹងចាប់តាំងលើកដំកើងឯង នៅមុខពួកអ៊ីស្រាអែលទាំងអស់គ្នា ដើម្បីឲ្យគេដឹងថា អញនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ
8. ត្រូវឲ្យឯងបង្គាប់ដល់ពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញា ថាកាលណាទៅដល់មាត់ទឹកទន្លេយ័រដាន់ហើយ នោះត្រូវចុះទៅឈរនៅក្នុងទឹកនោះទៅ។
9. យ៉ូស្វេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ចូរឯងរាល់គ្នាមកឯនេះ ដើម្បីនឹងស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង
10. រួចលោកប្រាប់ថា ឯងរាល់គ្នានឹងដឹងដោយសារសេចក្ដីនេះថា ព្រះដ៏មានព្រះជន្មរស់ ទ្រង់គង់នៅក្នុងពួកឯង ហើយថា ទ្រង់នឹងបណ្តេញសាសន៍កាណាន សាសន៍ហេត សាសន៍ហេវី សាសន៍ពេរិស៊ីត សាសន៍គើកាស៊ី សាសន៍អាម៉ូរី និងសាសន៍យេប៊ូសចេញពីមុខឯងរាល់គ្នាទៅជាមិនខាន
11. គឺដោយហឹបនៃសេចក្ដីសញ្ញាផងព្រះអម្ចាស់ នៃផែនដីទាំងមូល នឹងនាំមុខឯងរាល់គ្នាទៅក្នុងទន្លេយ័រដាន់
12. ដូច្នេះ ចូររើសយកមនុស្ស១២នាក់ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានទៅ គឺម្នាក់ពីពូជអំបូរមួយៗ