6. អញបាននាំពួកឪពុកឯង ចេញពីស្រុកអេស៊ីព្ទ មកដល់សមុទ្រ រួចពួកសាសន៍អេស៊ីព្ទគេដេញតាមដោយរទេះចំបាំង និងទ័ពសេះរហូតដល់សមុទ្រក្រហម
7. កាលពួកឪពុកឯងបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ដាក់សេចក្ដីងងឹតនៅជាកណ្តាលឯងរាល់គ្នា ហើយនឹងពួកសាសន៍អេស៊ីព្ទ ក៏នាំទឹកសមុទ្រមកគ្របលើគេទៅ ហើយភ្នែកឯងរាល់គ្នាបានឃើញការទាំងប៉ុន្មាន ដែលអញបានធ្វើនៅស្រុកអេស៊ីព្ទនោះដែរ ឯងរាល់គ្នាក៏បាននៅក្នុងទីរហោស្ថានអស់កាលជាយូរ
8. រួចអញបាននាំឯងរាល់គ្នាមកក្នុងស្រុករបស់សាសន៍អាម៉ូរី ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏ច្បាំងនឹងឯង តែអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងវិញ ហើយឯងរាល់គ្នាបានចាប់យកស្រុករបស់គេ អញបានបំផ្លាញគេពីមុខឯងអស់រលីង
9. គ្រានោះបាឡាក ជាកូនស៊ីបព័រ ស្តេចស្រុកម៉ូអាប់ ក៏លើកទ័ពមកច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ចាត់គេឲ្យទៅហៅបាឡាមជាកូនបេអ៊រមក ឲ្យដាក់បណ្តាសាដល់ឯង
10. តែអញមិនព្រមស្តាប់តាមបាឡាមទេ ដូច្នេះគាត់បែរជាឲ្យពរដល់ឯងរាល់គ្នាវិញ ហើយអញបានដោះឯងពីកណ្តាប់ដៃគេចេញ
11. រួចឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូរ នោះពួកមនុស្សនៅក្នុងក្រុងយេរីខូរក៏ច្បាំងនឹងឯង មានទាំងសាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេត សាសន៍គើកាស៊ី សាសន៍ហេវី និងសាសន៍យេប៊ូសច្បាំងនឹងឯងដែរ តែអញបានប្រគល់គេទាំងអស់មកក្នុងកណ្តាប់ដៃឯងវិញ
12. អញក៏ចាត់ឪម៉ាល់ឲ្យទៅមុនឯងរាល់គ្នា ហើយវាបានបណ្តេញគេពីមុខឯងចេញ គឺស្តេចសាសន៍អាម៉ូរីទាំង២អង្គ មិនមែនដោយដាវ ឬធ្នូរបស់ឯងទេ
13. អញបានឲ្យស្រុក១ដល់ឯងរាល់គ្នា ដែលឯងមិនបានប្រកបការអ្វីសោះ ហើយទីក្រុងដែលឯងមិនបានសង់ផង សព្វថ្ងៃឯងរាល់គ្នាបាននៅក្នុងទីក្រុងទាំងនោះ ហើយក៏បរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវដែលឯងរាល់គ្នាមិនបានដាំផងដែរ។
14. ដូច្នេះ ឥឡូវនេះចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ទ្រង់ដោយចិត្តស្មោះត្រង់ ហើយពិតប្រាកដចុះ ចូរលះចោលអស់ទាំងព្រះដែលពួកអយ្យកោឯង បានគោរពប្រតិបត្តិនៅខាងនាយទន្លេ ហើយនៅស្រុកអេស៊ីព្ទនោះចេញ ត្រូវឲ្យឯងរាល់គ្នាគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាវិញ
15. តែបើសិនជាឯងរាល់គ្នាមិនគាប់ចិត្តនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាទេ នោះចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ ទោះបើជាព្រះទាំងប៉ុន្មាន ដែលពួកអយ្យកោឯងបានគោរពប្រតិបត្តិនៅខាងនាយទន្លេ ឬអស់ទាំងព្រះរបស់សាសន៍អាម៉ូរីនេះ ដែលឯងរាល់គ្នានៅក្នុងស្រុកគេក្តី តែឯអញ និងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។
16. ពួកបណ្តាជនក៏ឆ្លើយឡើងថា សូមឲ្យគំនិត ដែលនឹងបោះបង់ចោលព្រះយេហូវ៉ា ដើម្បីទៅគោរពប្រតិបត្តិដល់ព្រះដទៃនោះ បាននៅឆ្ងាយពីយើងខ្ញុំទៅ
17. ដ្បិតគឺព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ទ្រង់បាននាំយើងខ្ញុំ និងឪពុកយើងខ្ញុំ ចេញពីផ្ទះពួកបាវបំរើ នៅស្រុកអេស៊ីព្ទមក ហើយបានធ្វើអស់ទាំងទីសំគាល់យ៉ាងធំនោះ នៅចំពោះភ្នែកយើងខ្ញុំ ក៏បានថែរក្សាយើងខ្ញុំ តាមផ្លូវដែលយើងខ្ញុំបានដើរនោះ ហើយនៅកណ្តាលពួកសាសន៍ទាំងប៉ុន្មានដែលយើងខ្ញុំបានដើរកាត់ស្រុកគេផង