26. យ៉ូស្វេក៏កត់អស់ទាំងពាក្យទាំងនេះចុះក្នុងគម្ពីរក្រឹត្យវិន័យរបស់ផងព្រះ រួចយកថ្មយ៉ាងធំមកបញ្ឈរនៅទីនោះ ត្រង់ក្រោមដើមម៉ៃសាក់ដែលនៅជិតទីបរិសុទ្ធផងព្រះយេហូវ៉ា
27. ដោយប្រាប់គេថា មើល ថ្មនេះនឹងបានជាទីបន្ទាល់ទាស់នឹងយើងរាល់គ្នា ដ្បិតថ្មនេះ បានឮអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានមានព្រះបន្ទូលមកយើងរាល់គ្នា ដូច្នេះត្រូវទុកជាទីបន្ទាល់ទាស់នឹងឯងរាល់គ្នា ក្រែងធ្វើជាមិនស្គាល់ព្រះនៃឯងវិញ
28. នោះយ៉ូស្វេក៏ឲ្យបណ្តាជនទាំងអស់គ្នា ត្រឡប់ទៅឯស្រុក ជាមរដករបស់គេរៀងខ្លួនទៅ។
29. ក្រោយការទាំងនោះមក យ៉ូស្វេ ជាកូននុន ដែលជាអ្នកបំរើនៃព្រះយេហូវ៉ា ក៏ស្លាប់ទៅ ចំនួនអាយុរបស់លោកបាន១១០ឆ្នាំ
30. គេក៏បញ្ចុះសពលោក នៅចុងព្រំដី ជាមរដករបស់លោក ត្រង់ធីម៉្នាត-សេរ៉ា ដែលនៅក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាសទៅ
31. ឯសាសន៍អ៊ីស្រាអែលគេបានគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា គ្រប់១ជីវិតរបស់យ៉ូស្វេ និងជីវិតរបស់ពួកចាស់ទុំ ដែលរស់នៅក្រោយលោក ជាពួកអ្នកបានស្គាល់អស់ទាំងការដែលព្រះយេហូវ៉ាបានធ្វើសំរាប់ពួកអ៊ីស្រាអែល។
32. ឯឆ្អឹងសពរបស់យ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេក៏កប់នៅត្រង់ស៊ីគែម ក្នុងដីដែលយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុកស៊ីគែម ថ្លៃជាប្រាក់១០០ដួង ហើយដីនោះក៏នៅជាមរដករបស់ពួកកូនចៅយ៉ូសែប
33. ឯអេលាសារជាកូនអើរ៉ុន ក៏សុគតទៅដែរ ហើយគេបញ្ចុះសពលោកនៅឯភ្នំរបស់ភីនេហាស ជាកូនលោក ជាទីដែលបានចែកឲ្យដល់លោក នៅក្នុងស្រុកភ្នំអេប្រាអិម។:៚