2. រួចយ៉ូស្វេលោករំឭកដល់ជនទាំងឡាយថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា ពួកអយ្យកោឯងរាល់គ្នា ពីដើមបាននៅខាងនាយទន្លេ គឺថេរ៉ា ជាឪពុកអ័ប្រាហាំ និងណាឃរ គេក៏បានគោរពប្រតិបត្តិដល់ព្រះដទៃដែរ
3. តែអញបានយកអ័ប្រាហាំ ជាពួកអយ្យកោឯង ពីខាងនាយទន្លេមក នាំដើរពេញក្នុងស្រុកកាណាន អញក៏ចំរើនពូជឲ្យ ព្រមទាំងឲ្យបង្កើតអ៊ីសាកផង
4. រួចអញឲ្យអ៊ីសាកបង្កើតយ៉ាកុប និងអេសាវ ឯអេសាវនោះ អញបានឲ្យចាប់យកស្រុកភ្នំសៀរ តែយ៉ាកុប និងកូនចៅ នោះបានចុះទៅនៅស្រុកអេស៊ីព្ទវិញ
5. អញក៏ចាត់ម៉ូសេ និងអើរ៉ុនឲ្យទៅឯស្រុកអេស៊ីព្ទ រួចឲ្យស្រុកនោះកើតមានសេចក្ដីវេទនា គឺជាការទាំងប៉ុន្មាន ដែលអញបានធ្វើនៅស្រុកនោះហើយ ក្រោយនោះអញបាននាំឯងរាល់គ្នាចេញមក
6. អញបាននាំពួកឪពុកឯង ចេញពីស្រុកអេស៊ីព្ទ មកដល់សមុទ្រ រួចពួកសាសន៍អេស៊ីព្ទគេដេញតាមដោយរទេះចំបាំង និងទ័ពសេះរហូតដល់សមុទ្រក្រហម
7. កាលពួកឪពុកឯងបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ដាក់សេចក្ដីងងឹតនៅជាកណ្តាលឯងរាល់គ្នា ហើយនឹងពួកសាសន៍អេស៊ីព្ទ ក៏នាំទឹកសមុទ្រមកគ្របលើគេទៅ ហើយភ្នែកឯងរាល់គ្នាបានឃើញការទាំងប៉ុន្មាន ដែលអញបានធ្វើនៅស្រុកអេស៊ីព្ទនោះដែរ ឯងរាល់គ្នាក៏បាននៅក្នុងទីរហោស្ថានអស់កាលជាយូរ
8. រួចអញបាននាំឯងរាល់គ្នាមកក្នុងស្រុករបស់សាសន៍អាម៉ូរី ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏ច្បាំងនឹងឯង តែអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងវិញ ហើយឯងរាល់គ្នាបានចាប់យកស្រុករបស់គេ អញបានបំផ្លាញគេពីមុខឯងអស់រលីង
9. គ្រានោះបាឡាក ជាកូនស៊ីបព័រ ស្តេចស្រុកម៉ូអាប់ ក៏លើកទ័ពមកច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ចាត់គេឲ្យទៅហៅបាឡាមជាកូនបេអ៊រមក ឲ្យដាក់បណ្តាសាដល់ឯង
10. តែអញមិនព្រមស្តាប់តាមបាឡាមទេ ដូច្នេះគាត់បែរជាឲ្យពរដល់ឯងរាល់គ្នាវិញ ហើយអញបានដោះឯងពីកណ្តាប់ដៃគេចេញ
11. រួចឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូរ នោះពួកមនុស្សនៅក្នុងក្រុងយេរីខូរក៏ច្បាំងនឹងឯង មានទាំងសាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេត សាសន៍គើកាស៊ី សាសន៍ហេវី និងសាសន៍យេប៊ូសច្បាំងនឹងឯងដែរ តែអញបានប្រគល់គេទាំងអស់មកក្នុងកណ្តាប់ដៃឯងវិញ
12. អញក៏ចាត់ឪម៉ាល់ឲ្យទៅមុនឯងរាល់គ្នា ហើយវាបានបណ្តេញគេពីមុខឯងចេញ គឺស្តេចសាសន៍អាម៉ូរីទាំង២អង្គ មិនមែនដោយដាវ ឬធ្នូរបស់ឯងទេ
13. អញបានឲ្យស្រុក១ដល់ឯងរាល់គ្នា ដែលឯងមិនបានប្រកបការអ្វីសោះ ហើយទីក្រុងដែលឯងមិនបានសង់ផង សព្វថ្ងៃឯងរាល់គ្នាបាននៅក្នុងទីក្រុងទាំងនោះ ហើយក៏បរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវដែលឯងរាល់គ្នាមិនបានដាំផងដែរ។