19. យ៉ូស្វេក៏ប្រកែកឡើងថា ឯងរាល់គ្នាពុំអាចនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាបានទេ ដ្បិតទ្រង់ជាព្រះបរិសុទ្ធ ជាព្រះប្រចណ្ឌ ទ្រង់មិនអត់ទោសការដែលឯងរាល់គ្នាប្រព្រឹត្តរំលង ឬអំពើបាបរបស់ឯងឡើយ
20. បើសិនជាឯងរាល់គ្នាលះចោលព្រះយេហូវ៉ា នឹងទៅគោរពប្រតិបត្តិដល់ព្រះដទៃ នោះទ្រង់នឹងប្រែទៅជាធ្វើអាក្រក់ដល់ឯងរាល់គ្នាវិញ ហើយនឹងបំផ្លាញឯងទៅ ក្រោយដែលទ្រង់បានធ្វើល្អដល់ឯងហើយផង
21. តែពួកជនគេឆ្លើយថា ទេ យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែ១ប៉ុណ្ណោះ
22. រួចយ៉ូស្វេបានមានប្រសាសន៍ទៅគេថា ឯងរាល់គ្នាជាស្មរបន្ទាល់ទាស់នឹងខ្លួនឯងថា បានរើសយកព្រះយេហូវ៉ា ដើម្បីនឹងគោរពប្រតិបត្តិដល់ទ្រង់ ហើយគេក៏ទទួលថា យើងខ្ញុំជាទីបន្ទាល់ពិតមែន
23. លោកតបថា ដូច្នេះចូរឯងរាល់គ្នាលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងពួកឯងចេញទៅ ហើយផ្ចង់ចិត្តដំរង់ទៅឯព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ
24. នោះបណ្តាជនទាំងឡាយក៏ឆ្លើយទៅយ៉ូស្វេថា យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំពិត ហើយនឹងស្តាប់តាមព្រះបន្ទូលទ្រង់ផង
25. ដូច្នេះលោកក៏តាំងសេចក្ដីសញ្ញានឹងគេនៅថ្ងៃនោះ ហើយដាក់ច្បាប់ និងបញ្ញត្តឲ្យគេ នៅត្រង់ស៊ីគែម
26. យ៉ូស្វេក៏កត់អស់ទាំងពាក្យទាំងនេះចុះក្នុងគម្ពីរក្រឹត្យវិន័យរបស់ផងព្រះ រួចយកថ្មយ៉ាងធំមកបញ្ឈរនៅទីនោះ ត្រង់ក្រោមដើមម៉ៃសាក់ដែលនៅជិតទីបរិសុទ្ធផងព្រះយេហូវ៉ា
27. ដោយប្រាប់គេថា មើល ថ្មនេះនឹងបានជាទីបន្ទាល់ទាស់នឹងយើងរាល់គ្នា ដ្បិតថ្មនេះ បានឮអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានមានព្រះបន្ទូលមកយើងរាល់គ្នា ដូច្នេះត្រូវទុកជាទីបន្ទាល់ទាស់នឹងឯងរាល់គ្នា ក្រែងធ្វើជាមិនស្គាល់ព្រះនៃឯងវិញ
28. នោះយ៉ូស្វេក៏ឲ្យបណ្តាជនទាំងអស់គ្នា ត្រឡប់ទៅឯស្រុក ជាមរដករបស់គេរៀងខ្លួនទៅ។
29. ក្រោយការទាំងនោះមក យ៉ូស្វេ ជាកូននុន ដែលជាអ្នកបំរើនៃព្រះយេហូវ៉ា ក៏ស្លាប់ទៅ ចំនួនអាយុរបស់លោកបាន១១០ឆ្នាំ
30. គេក៏បញ្ចុះសពលោក នៅចុងព្រំដី ជាមរដករបស់លោក ត្រង់ធីម៉្នាត-សេរ៉ា ដែលនៅក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាសទៅ
31. ឯសាសន៍អ៊ីស្រាអែលគេបានគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា គ្រប់១ជីវិតរបស់យ៉ូស្វេ និងជីវិតរបស់ពួកចាស់ទុំ ដែលរស់នៅក្រោយលោក ជាពួកអ្នកបានស្គាល់អស់ទាំងការដែលព្រះយេហូវ៉ាបានធ្វើសំរាប់ពួកអ៊ីស្រាអែល។
32. ឯឆ្អឹងសពរបស់យ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេក៏កប់នៅត្រង់ស៊ីគែម ក្នុងដីដែលយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុកស៊ីគែម ថ្លៃជាប្រាក់១០០ដួង ហើយដីនោះក៏នៅជាមរដករបស់ពួកកូនចៅយ៉ូសែប