1. យ៉ូស្វេក៏ប្រមូលពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់មកនៅត្រង់ស៊ីគែម ព្រមទាំងហៅពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ពួកមេ ពួកចៅក្រម និងពួកនាយកមកដែរ នោះគេក៏មកឈរនៅចំពោះព្រះ
2. រួចយ៉ូស្វេលោករំឭកដល់ជនទាំងឡាយថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា ពួកអយ្យកោឯងរាល់គ្នា ពីដើមបាននៅខាងនាយទន្លេ គឺថេរ៉ា ជាឪពុកអ័ប្រាហាំ និងណាឃរ គេក៏បានគោរពប្រតិបត្តិដល់ព្រះដទៃដែរ
3. តែអញបានយកអ័ប្រាហាំ ជាពួកអយ្យកោឯង ពីខាងនាយទន្លេមក នាំដើរពេញក្នុងស្រុកកាណាន អញក៏ចំរើនពូជឲ្យ ព្រមទាំងឲ្យបង្កើតអ៊ីសាកផង
4. រួចអញឲ្យអ៊ីសាកបង្កើតយ៉ាកុប និងអេសាវ ឯអេសាវនោះ អញបានឲ្យចាប់យកស្រុកភ្នំសៀរ តែយ៉ាកុប និងកូនចៅ នោះបានចុះទៅនៅស្រុកអេស៊ីព្ទវិញ
5. អញក៏ចាត់ម៉ូសេ និងអើរ៉ុនឲ្យទៅឯស្រុកអេស៊ីព្ទ រួចឲ្យស្រុកនោះកើតមានសេចក្ដីវេទនា គឺជាការទាំងប៉ុន្មាន ដែលអញបានធ្វើនៅស្រុកនោះហើយ ក្រោយនោះអញបាននាំឯងរាល់គ្នាចេញមក
6. អញបាននាំពួកឪពុកឯង ចេញពីស្រុកអេស៊ីព្ទ មកដល់សមុទ្រ រួចពួកសាសន៍អេស៊ីព្ទគេដេញតាមដោយរទេះចំបាំង និងទ័ពសេះរហូតដល់សមុទ្រក្រហម
7. កាលពួកឪពុកឯងបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ដាក់សេចក្ដីងងឹតនៅជាកណ្តាលឯងរាល់គ្នា ហើយនឹងពួកសាសន៍អេស៊ីព្ទ ក៏នាំទឹកសមុទ្រមកគ្របលើគេទៅ ហើយភ្នែកឯងរាល់គ្នាបានឃើញការទាំងប៉ុន្មាន ដែលអញបានធ្វើនៅស្រុកអេស៊ីព្ទនោះដែរ ឯងរាល់គ្នាក៏បាននៅក្នុងទីរហោស្ថានអស់កាលជាយូរ
8. រួចអញបាននាំឯងរាល់គ្នាមកក្នុងស្រុករបស់សាសន៍អាម៉ូរី ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏ច្បាំងនឹងឯង តែអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងវិញ ហើយឯងរាល់គ្នាបានចាប់យកស្រុករបស់គេ អញបានបំផ្លាញគេពីមុខឯងអស់រលីង
9. គ្រានោះបាឡាក ជាកូនស៊ីបព័រ ស្តេចស្រុកម៉ូអាប់ ក៏លើកទ័ពមកច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ចាត់គេឲ្យទៅហៅបាឡាមជាកូនបេអ៊រមក ឲ្យដាក់បណ្តាសាដល់ឯង